We TV Cambodia

សហជីពទាមទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ខណៈអឺរ៉ុបទើបដក EBA

សហជីពទាមទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ខណៈអឺរ៉ុបទើបដក EBA
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (ប្រភព៖ clc cambodia)

កាលពីចុងខែសីហា កន្លងទៅ ថ្នាក់ដឹកនាំសហជីពបានបើកកិច្ចប្រជុំរួមមួយ ដោយបានយល់ស្របលើការទាមទារឲ្យមានការដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១១,៥៩ដុល្លារសម្រាប់កម្មករ ទោះបីអឺរ៉ុបទើបដក EBA កាលពីដើមខែសីហាក៏ដោយ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានឲ្យដឹងថា ការទាមទារដំឡើងប្រាក់ឈ្នួលថ្មីនេះ គឺសម្រាប់តែកម្មករ​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​ប៉ុណ្ណោះ ខណៈប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្នមាន​ចំនួន ១៩០ ដុល្លារ​ក្នុង​មួយខែ។

ក្រុមកម្មករ (រូបតំណាង / ប្រភព៖ clc Cambodia)

ទោះជាយ៉ាងណា កាលពីខែមិថុនាកន្លងទៅ ក្រសួងការងារបានសម្រេចពន្យាពេលចរចាប្រាក់ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំទៅ​ខែកញ្ញា​វិញ ដោយសារតែវិបត្តិកូវីដ១៩ ដែលជាទូទៅ​ធ្វើឡើង​នៅក្នុង​ខែកក្កដា​។ ដោយឡែក លោក​ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ បានមានប្រសាសន៍ថា ការចរចាបានជួបបញ្ហា ដោយសារវិបត្តិកូវីដ១៩ រួមនិងការដក EBA របស់អឺរ៉ុបផងនោះ។

​ជាមួយគ្នានេះ លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារបានប្រាប់ឲ្យដឹងថា  លទ្ធផលយ៉ាងណា គឺសម្រេចទៅតាមការចរចា និងការយល់ស្របគ្នា ខណៈសមាជិកនៃភាគីទាំងអស់មានសិទ្ធិក្នុងការលើកឡើងនូវបញ្ហារៀងៗខ្លួនក្នុងកិច្ចប្រជុំ។

លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ (ប្រភព៖ cpp.org)

សូមរំលឹកថា ​សហភាព​ការងារ​កម្ពុជា (CLC), សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) និង​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា បាន​ផ្ញើលិខិត​រួមមួយ ​ដោយ​ស្នើឱ្យ​រដ្ឋាភិបាល​គួរតែ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី ១៩០ដុល្លារ​ ដល់ ២៥០ដុល្លារ​សម្រាប់​កម្មករ​កាត់ដេរ និង​អនុវត្ត​ប្រាក់​ឈ្នួល​ថេរ​សម្រាប់​កម្មករ​នៅក្នុង​ឧស្សាហកម្ម​សំណង់​ទេសចរណ៍ និង​ដឹកជញ្ជូន ក៏ដូចជា​សេវាកម្ម​បដិសណ្ឋារកិច្ច​ផងដែរ​។​

​អត្ថបទដោយ៖ Nevin

Related Articles