We TV Cambodia

សហគ្រាសជប៉ុនចំនួន ១៥បានទទួលការគាំទ្រពីរដ្ឋាភិបាលផ្លាស់ប្តូររោងចក្រទៅវៀតណាម

សហគ្រាសជប៉ុនចំនួន ១៥បានទទួលការគាំទ្រពីរដ្ឋាភិបាលផ្លាស់ប្តូររោងចក្រទៅវៀតណាម

ដោយ៖ពេជ្រ

 

ភ្នំពេញ៖​ សហគ្រាសរោងចក្រជប៉ុនចំនួន ១៥បានទទួលការគាំទ្រពីរដ្ឋាភិបាលខ្លួនក្នុងការផ្លាស់ប្តូររោងចក្រទៅវៀតណាម។​នេះបើតាមរបាយការណ៍ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO)។

សហគ្រាសជប៉ុនចំនួន ១៥ ក្នុងចំណោមសហគ្រាសជាង ៨០ បានទទួលការគាំទ្រពីរដ្ឋាភិបាលក្នុងការផ្លាស់ប្តូររោងចក្រទៅកាន់ប្រទេសវៀតណាម។

តាមរយៈអង្គការ JETRO បានឱ្យដឹងថា នេះគឺជាសកម្មភាពមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវគម្លាតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសជប៉ុន ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ មក។

បន្ថែមពីនេះ គម្រោងផ្លាស់ប្តូរអាជីវកម្មទៅកាន់តំបន់អាស៊ីនេះ ក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរវាងជប៉ុន និងអាស៊ានផងដែរ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បាននិយាយថា រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមផ្តល់ប្រាក់ដល់ក្រុមហ៊ុនមួយចំនួន ដើម្បីផ្លាស់ប្តូររោងចក្រចេញពីប្រទេសចិនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ឬទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍វិញ។ ក្នុងវិធានការនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវចង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកទៅលើផលិតកម្មនៅក្នុងប្រទេសចិន។

ចំណែកភ្នាក់ងារសារព័ត៌មាន Nikkei ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុននឹងចំណាយទឹកប្រាក់សរុបចំនួន ៧០ប៊ីលានយ៉េនជប៉ុន (៦៥៣លានដុល្លារអាម៉េរិក) សម្រាប់ក្រុមហ៊ុនចំនួន ៨៧ ដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម។

សូមបញ្ជាក់ដែរថា ក្នុងចំណោមនោះ ក្រុមហ៊ុនចំនួន ៣០ នឹងទទួលបានប្រាក់សម្រាប់ការវិនិយោគនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម មីយ៉ាន់ម៉ា ថៃ និងប្រទេសដទៃទៀត៕

(ប្រភព VNA, AKP)

Related Articles