We TV Cambodia

សហគមន៍ចំនួន៩ ក្នុង ខេត្តព្រះវិហារ បានចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុន Golden Rice ផលិតអង្ករ នាំចេញទៅក្រៅប្រទេស

សហគមន៍ចំនួន៩ ក្នុង ខេត្តព្រះវិហារ បានចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុន Golden Rice ផលិតអង្ករ នាំចេញទៅក្រៅប្រទេស

ប្រជាសហគមន៍ចំនួន៩ នៅក្នុងស្រុកចំនួន ៣ក្នុងខេត្តព្រះវិហារ បានយល់ព្រមចុះកិច្ចសន្យាលក់ស្រូវសេរីរាង្គ ជាមួយក្រុមហ៊ុន Golden Rice ដើម្បី ឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់ក្រុមហ៊ុន ហើយរក្សាតម្លៃថែមទៀត ដែលជាទំនុកចិត្តរបស់កសិករ ព្រោះមានដៃគូសម្រាប់ទិញស្រូវពិតប្រាកដ។

យោងតាមលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្ដព្រះវិហារ លើកឡើងថា តំណាងសហគមន៍ទាំងអស់ ត្រូវគោរពតាមកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ហើយកសិករត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ត្រូវរក្សាគុណភាពស្រូវសរីរាង្គដោយមិនក្លែងបន្លំ ហើយជៀសវាងការលក់ស្រូវឱ្យឈ្មួញផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនអាចប្រមូលទិញស្រូវបានគ្រប់ចំនួនតាមកិច្ចសន្យា ។

លោកបន្ដទៀតថា ការចុះកិច្ចសន្យាកសិកម្មហៅថាខងស្រា្តក់ហ្វាមីននេះវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាកសិករ ព្រោះទីមួយធានាតម្លៃទីផ្សារពេលប្រមូលកសិផលនិងតម្លៃមិនចុះថោក និយាយទៅយើងធានាតម្លៃខ្ពស់ជាងតម្លៃដែលឈ្មួញកណ្តាលទិញធម្មតាពីតម្លៃ១៥០រៀលទៅ៣០០រៀលទៅតាមប្រភេទទៅតាមគុណភាពនិងភាពសុទ្ធរបស់ស្រូវហើយមួយវិញទៀតកសិករគាត់បានតម្លៃបន្ថែម»។

ប្រជាសហគមន៍ដែលបានចុះកិច្ចសន្យា លក់ផលិតផលស្រូវសរីរាង្គ ជូនក្រុមហ៊ុន Golden Rice នេះ ត្រូវបានក្រុមការងារតំណាងស្ថាប័ន អន្តរជាតិវាយតម្លៃស្តង់ដារសរីរាង្គ ECOCERT ចុះធ្វើការវាយតម្លៃលើការដាំដុះ និងផលិតផលស្រូវសរីរាង្គ របស់ប្រជាកសិករក្នុងសហគមន៍ផងដែរ មុននិងសម្រេចចុះកិច្ចព្រមព្រៀងរវាងអ្នក​ទិញនិងអ្នកផលិត។

សូមបញ្ជាក់ថា ក្រុមហ៊ុន Golden Rice បានចុះកិច្ចសន្យាទិញ ស្រូវសរីរាង្គសរុបចំនួន ៦០០០តោន ពីសហគមន៍ចំនួន៩ ក្នុងស្រុករវៀង ស្រុកជ័យសែន និងស្រុកឆែប ដែលមានផ្ទៃដីដាំដុះប្រមាណជាង៣០០០ហិកតា ។

ដោយ៖ Stince

ប្រភព៖ ក្រសួងព័ត៌មាន

Related Articles