We TV Cambodia

សហគមន៍ឃ្មុំព្រៃខេត្តស្ទឹងត្រែង ស្នើសុំចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្គាល់ទឹកឃ្មុំរបស់ពួកគេ

សហគមន៍ឃ្មុំព្រៃខេត្តស្ទឹងត្រែង ស្នើសុំចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្គាល់ទឹកឃ្មុំរបស់ពួកគេ

សហគមន៍ឃ្មុំព្រៃ នៅឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានស្នើឱ្យអង្គការដៃគូ និងមន្ទីរពាណិជ្ជកម្មជួយរៀបចំចុះបញ្ជីការទឹកឃ្មុំមានកម្មសិទ្ធិបញ្ញាត្រឹមត្រូវ ដើម្បីរួមគ្នាថែរក្សាកេរ្តិ៍ឈ្មោះរបស់សហគមន៍ ឃ្មុំព្រៃរបស់ពួកគេ។

លោកស្រីស្រេង ឈុនលាង អ្នកទទួលទិញលក់ទឹកឃ្មុំព្រៃ បានឲ្យដឹងថា បច្ចុប្បន្នបងប្អូនជនជាតិដើមភាគតិចនៅតែបន្តប្រកបរបររកឃ្មុំព្រៃ ដើម្បីលក់បានប្រាក់ចំណូល ហើយលោកស្រីទិញទឹកឃ្មុំសុទ្ធពីពយកគាត់មានតម្លៃ ៨ម៉ឺនរៀលក្នុងមួយលីត្រ។

មួយវិញទៀតឃ្មុំខ្លះភ្ញៀវចូលចិត្តទិញទាំងបង្គងក៏មានដែរ ព្រោះទុកចិត្តជាងទិញទឹកឃ្មុំស្រាប់ ទោះបីមានតម្លៃថ្លៃបន្តិចក៏ដោយ ហើយទឹកឃ្មុំដែលសហគមន៍លក់ ចង់ស្នើស្ថាប័នជំនាញឱ្យជួយចុះបញ្ជីការកម្មសិទ្ធិបញ្ញាទទួលស្គាល់ពីមន្ទីពាណិជ្ជកម្មដើម្បីរក្សាគុណភាពទឹកឃ្មុំព្រៃ។

ទោះយ៉ាងណា លោកស៊ីមប៊ុនធឿនប្រធានអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ បានស្នើឱ្យក្រុមប្រជាសហគមន៍ទាំងអស់រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវគ្រប់សកម្មភាព ដែលប្រជាសហគមន៍រៀបចំឡើង ដើម្បីអភិរក្សមុខរបររបស់ខ្លួនឱ្យស្ថិតនៅយូរអង្វែងនៅក្នុងស្រុករបស់យើងផង ហើយរក្សាគុណភាពទឹកឃ្មុំធម្មជាតិឱ្យបាន ១០០% ទើបរៀបចំឱ្យមានស្ដង់ដារត្រឹមត្រូវបាន។

សូមបញ្ជាក់ថា របររកទឹកឃ្មុំព្រៃជារបរទី២ របស់ប្រជាកសិករ ក្រៅទំនេរពីការងារធ្វើស្រែចម្ការ ហើយមុខរបរមួយនេះ អាជ្ញាធរ និងអង្គការដៃគូណែនាំទៅដល់ប្រជាសហគមន៍ឱ្យអនុវត្ត និងធ្វើតាមលក្ខណៈបច្ចេកទេស ចៀសវាងកុំសម្លាប់ឃ្មុំទាំងសំបុកផងដែរ៕

អត្ថបទដោយ៖ Nevin

Related Articles