កាលពីចុងខែវិច្ឆិកា កន្លងទៅនេះដំរីឈ្មោលមួយក្បាល ឈ្មោះថា ខាវ៉ាន់( Kaavan)ដែលជាដំរីឯកានៅប្រទេសប៉ាគីស្ថាន បានមកដល់ប្រទេសកម្ពុជាតាមជើងហោះហើរ។ បើតាមការឲ្យដឹងពី លោក សុខ ហុង ប្រធានអង្គការអភិរក្សសត្វព្រៃនៅតំបន់គូលែនព្រហ្មទេព ដំរី ខាវ៉ាន់ លែងជាដំរីឯការទៀតហើយ និងត្រៀមបន្តពូជជាមួយដំរីញីផ្សេងទៀត ក្នុងរយ:ពេលប្រហែល៩ខែខាងមុខ។ លោក សុខ ហុង បញ្ជាក់ថា៖ បច្ចុប្បន្ន ដំរីខាវ៉ាន់ ត្រូវបានក្រុមការងារមើលថែយ៉ាងយកចិត្ដទុកដាក់បំផុត និងបានដាក់ឲ្យរស់នៅជាមួយដំរីញីបីក្បាលទៀត ក្នុងបរិវេណកំណត់ដោយអង្គការអភិរក្សសត្វព្រៃ ដើម្បីបន្ស៉ាំខ្លួនរយៈពេល៣ខែ។
បន្ទាប់ពីនេះ ខាវ៉ាន់ នឹងអាចរស់នៅដោយសេរី ក្នុងព្រៃធម្មជាតិក្នុងទំហំផ្ទៃដី ប្រមាណ១០ហិកតា នៃព្រៃឈើសរុបជាង៤ពាន់ហិកតានៅតំបន់ព្រៃស្អាក។ គួរជម្រាបផងដែរថា ការមកដល់ប្រទេសកម្ពុជារបស់ដំរីឈ្មោល ខាវ៉ាន់ គឺដោយសារមានគាំទ្រ ពីអង្គការហ្វ័រផា (Four Paws) និងសិល្បករចម្រៀងអាមេរិចម្នាក់ ធ្វើប្រជាមតិទូទាំងពិភពលោក រហូតទទួលបានការសម្រេចពី តុលាការកំពូល ប្រទេសប៉ាគីស្ថាន។ ហើយសព្វថ្ងៃនេះ បើតាមការតាមដានសុខភាពរបស់ដំរីខាវ៉ាន់ លោកប្រធានអង្គការ បង្ហាញថា វាមានសុខភាពល្អធម្មតា និងមិនមានបញ្ហាជាមួយបរិស្ថានរស់នៅថ្មីរបស់វា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យនោះឡើយ។
អត្ថបទដោយ៖ ពិសី
