We TV Cambodia

សម្តេច ហ៊ុន សែន អំពាវនាវដល់ម្ចាស់អគារឲ្យបញ្ចុះថ្លៃឈ្នួលដល់គ្រឹះស្ថានសិក្សាឯកជន

សម្តេច ហ៊ុន សែន អំពាវនាវដល់ម្ចាស់អគារឲ្យបញ្ចុះថ្លៃឈ្នួលដល់គ្រឹះស្ថានសិក្សាឯកជន
សម្តេចតេជោ ហ៊ុន សែន (ប្រភព៖ SPM)

នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការព្រួយបារម្ភចំពោះសាលារៀនឯកជនដែលបានជួលអគារបើកសាលារៀន ហើយកំពុងប្រឈមនឹងការបិទទ្វាដោយសារវិបត្តិ COVID-19 ។

គ្រឹះស្ថានសិក្សាឯកជន (ប្រភព៖ Google)

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចបានអំពាវនាវស្នើសុំដល់ម្ចាស់អគារដោយផ្ទាល់ គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអាគារក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លង COVID-19 ។

គ្រឹះស្ថានសិក្សាឯកជន (ប្រភព៖ Google)

មិនតែប៉ុណ្ណោះ សម្តេចក៏បានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀតតាមអនឡាញ ព្រោះមានសាលារៀនឯកជនជាច្រើន ដែលមិនបានរៀបចំកម្មវិធីបង្រៀនតាមអនឡាញដល់សិស្សានុសិស្សអោយទាន់សភាពការណ៍កូវីដបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សម្តេចតេជោបានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំឯកជន ត្រូវបន្តខិតខំអភិវឌ្ឍន៍ខ្លួន ហើយសម្តេចពិតជាមិនចង់ឃើញគ្រឹះស្ថានឯកជនណាមួយដួលរលំនោះឡើយ។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី (ប្រភព៖ Google)

សូមរំលឹកថា លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ធ្លាប់បានមានប្រសាសន៍ថា បន្ទាប់ពីការផ្អាកសេវាអប់រំដោយសារ COVID-19 គ្រឹះស្ថាន​សិក្សា​អប់រំ​ឯកជនជាច្រើនបានរងផល​ប៉ះពាល់​យ៉ាង​ខ្លាំង និង​បាន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ ហើយលោកបានព្រមានថា ប្រសិន​បើ​គ្មាន​ការអន្តរាគមន៍​ដោះស្រាយជួយដល់ពួកគេទេនោះ គ្រឹះស្ថានទាំងនោះអាច​ប្រឈមនឹង​ការ​ក្ស័យធននៅពេលខាងមុខ។

 

អត្ថបទដោយ៖ Nevin

Related Articles