ដោយ៖ពេជ្រ
ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានប្រកាសថា បញ្ហាជំងឺកូវីដ១៩ មិនបានរាំងស្ទះក្នុងការអភិវឌ្ឍន៍នៅកម្ពុជាឡើយ ដោយសារគម្រោងអភិវឌ្ឍន៍នានា នៅតែដំណើរការធម្មតាយ៉ាងរលូនតាមផែនការគ្រោងទុក។ នេះបើតាម ប្រសាសន៍ សម្ដេច ក្នុងឱកាសចុះទៅពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃ ២២ ខែមិថុនា ឆ្នាំ ២០២០នេះ។
ថ្លែងនៅក្នុង ការចុះត្រួតពិនិត្យការដ្ឋានការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្តេចតេជោហ៊ុនសែនមានប្រសាសន៍ថា៖« ក្នុងស្ថានការណ៍ដែលជំងឺឆ្លងកូវីដ១៩កំពុងរាតត្បាតនៅទូទាំងពិភពលោក គឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ច ប៉ុន្តែនៅកម្ពុជាមិនបានរាំងស្ទះក្នុងវិស័យសេដ្ឋកិច្ចជាតិធ្ងន់ធ្ងរទេ ខណៈដែរគម្រោងអភិវឌ្ឍន៍ធំៗ នៅតែដំណើរការជាធម្មតា តាមការគ្រោងទុក»។
សម្តេច បានបញ្ជាក់ថា គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែល មានតម្លៃវិនិយោគរាប់ពាន់លានដុល្លា នៅតែដំណើរការជាធម្មតា ហើយសម្រេចការសាងសង់ប្រមាណ៣០%ហើយ។
គួររំលឹកដែរថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ ២០២៣ខាងមុខនេះ៕

