
សម្ដេច ហ៊ុន សែន នាយករដ្ឋមនន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យកាស៊ីណូទាំងអស់ អាចបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបាន ក្រោយត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបិទកាលពីដើមខែមេសាកន្លងទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ កាលពីព្រឹកថ្ងៃទី០២ កក្កដា សម្ដេច ហ៊ុន សែន បានមានស្រសាសន៍ថា កាស៊ីណូទាំងអស់អាចបើកអាជីវកម្មរបស់ខ្លួនឡើងវិញបាន ប៉ុន្តែការដំណើរការអាជីវកម្មវិញនេះ គឺតម្រូវឱ្យកាស៊ីណូទាំងនោះ មានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា «កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួននៃវិធានការការពារជាមួយជំងឺកូវីដ-១៩»។

សូមរំលឹកថា កម្ពុជាបានរកឃើញករណីឆ្លង COVID-19 ដំបូងបំផុតនៅថ្ងៃទី០៧ ខែមីនា ហើយក្រសួងអប់រំក៏បានសម្រេចបិទសាលារៀននៅទូទាំងប្រទេសនៅថ្ងៃទី១៤ ក្នុងខែដដែលនោះ។ ដោយឡែក ចំពោះកាស៊ីណូវិញ រដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យបិទទាំងស្រុងនៅថ្ងៃទី០១ ខែមេសា ពោលគឺបិទក្រោយសាលារៀនប្រមាណ ២សប្ដាហ៍ តែទោះជាយ៉ាងណា ពេលនេះរដ្ឋាភិបាលបានសម្រេចឲ្យបើកកាស៊ីណូឡើងវិញ ខណៈដែលសាលារៀននៅទូទាំងប្រទេសនៅបិទទ្វានៅឡើយ។

អត្ថបទដោយ៖ Nevin
