We TV Cambodia

សម្ដេច ហ៊ុន សែន៖ រំលឹកដាស់តឿនឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩

សម្ដេច ហ៊ុន សែន៖ រំលឹកដាស់តឿនឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានរំលឹកដាស់តឿនឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩ តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការក្នុងថ្ងៃ ១០ មិថុនា ឆ្នាំ២០២០ នេះ។

បើតាមខ្លឹមសារ បានឱ្យដឹងថា ទោះបីកម្ពុជាមានចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ 7,039,918 នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 404,399 នាក់ដែរ។

បន្ថែមពីនេះ សម្ដេចលើកឡើងថា៖«ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនជនរួមជាតិឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ឬគិតថាស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះមិនត្រឹមត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ»។

សូមបញ្ជាក់ដែរ ថាប្រសិនបើមានចម្ងល់ឬការសង្ស័យអ្វីមួយអំពីជំងឺឆ្លងកូវីដ១៩ សូមខលទាក់ទងទៅលេខ ១១៥ ជាបន្ទាន់៕

Related Articles