គិតមកទល់ពេលនេះ COVID-19 បានអូសបន្លាយអស់រយៈពេលជិត ៥ខែមកហើយ និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ដោយរួមទាំងកម្ពុជាយើងផងដែរ។
យោងតាមប្រសាសន៍របស់សម្ដេចហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានឲ្យដឹងថា តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះដល់ -១,៩%។ ប៉ុន្តែការធ្លាក់ចុះនេះ មិនមែនតែកម្ពុជានោះទេ ពោលគឺបណ្ដាប្រទេសជាច្រើនទៀតក៏ដូចគ្នាដែរ ហើយមានប្រទេសតិចតួចប៉ុណ្ណោះដែលមានសេដ្ឋកិច្ចវិជ្ជមាន។
សម្ដេចបានបន្ថែមថា ប្រទេសអ្នកមានដូចជាសិង្ហបុរីជាដើមក៏បានព្យាករណ៍ថាធ្លាក់ចុះរហុតដល់ -៧% ហើយប្រទេសខ្លះធ្លាក់ចុះដល់ -១០%ឯណោះ។ ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់កម្ពុជាយើងនេះ គឺមិនធ្លាប់កើតមានឡើយក្នុងរយៈពេល ២០ឆ្នាំមកនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយប្រកាសក្ស័យធន ឬប្រកាសអាសន្នខ្វះទុននោះទេ ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗដូចជា បុរីប៉េង ហួត និងបុរីជីប ម៉ុង នៅតែបន្ដដំណើរការសាងសង់ធម្មតានៅឡើយ។
សម្ដេចក៏បានបញ្ជាក់ទៀតថា កម្ពុជាមានលុយសន្សំជាង ៣,៥ពាន់លានដុល្លារ និងមិនទាន់ប្រើថវិកាជាតិអស់ ១សេននោះទេក្នុងកំលុងពេល COVID-19 នេះ ហើយរដ្ឋាភិបាលកម្ពុជាក៏មិនស្លាប់ដោយសារ COVID-19 នោះដែរ។ ចំណែកការបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការក៏គ្មានការប៉ះពាល់អ្វីនោះដែរ ព្រោះរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់ទប់ទល់ក្នុងកំលុងពេល COVID-19 នេះ។
សូមបញ្ជាក់ថា តាមការព្យាករណ៍របស់ធនាគារពិភពលោកបានបង្ហាញថា វិបត្តិ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យធំៗចំនួន ៣ នៅកម្ពុជាដូចជាវិស័យទេសចរណ៍, វិស័យឧស្សាហកម្មកាត់ដេរ និងវិស័យសំណង់ ដែលវិស័យទាំង៣ នេះស្មើប្រមាណ ៧០% នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក