ដោយ៖ ពេជ្រ
(ភ្នំពេញ)៖ សម្ដេច ស ខេង បានអះអាងថា កម្ពុជាអាចប្រឈមនឹងការបិទភូមិ ប្រសិនបើមានអ្នកកើត COVID-19 នៅក្នុងតំបន់នោះ ពីរ ឬបីនាក់ ដើម្បីទប់ស្កាត់ការរីករាលដាល នៅតំបន់ផ្សេងៗដែលនៅក្បែរនោះ។ នេះបើតាមការលើកឡើងកាលពីព្រឹកថ្ងៃទី២៤ មិនា ឆ្នាំ ២០២០ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
សម្ដេច ស ខេង មានប្រសាសន៍ថា៖ «ប្រសិនបើមានកន្លែងណាមួយ មានអ្នកណាមួយកើតឃុំមួយផ្ទះ, មួយកំណាត់ភូមិ, ឬភូមិដាច់ដោយឡែកពីគេ ៤-៥ផ្ទះចឹងទៅ យើងអាចឃុំកន្លែងណុងមិនឲ្យគាត់ចេញទៅណា។ ហើយបើថាភូមិណុងជាប់គ្នា ហើយមានអ្នកកើតពីរ បីនាក់ចឹងទៅ គឺឃុំទាំងភូមិតែម្ដង»។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងទៀតថា នេះគឺជាវិធានការដែលបានដាក់ចេញ និងបានផ្សព្វផ្សាយរួចរាល់ហើយ ខណៈវិធានការនេះសម្ដេចបានណែនាំឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ខេត្ត ត្រូវតាមដានបន្ដជាប់ជាប្រចាំដើម្បីមានវិធានការឆ្លើយតបភ្លាមៗ នៅពេលមានបញ្ហាកើតឡើង។
សូមបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមានស្រ្តីចំនួន ២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ ៣៥នាក់ និងបារាំង ៣៤នាក់ ម៉ាឡេស៊ី ១២ នាក់ បែលហ្សិក ០១នាក់ កាណាដា ចំនួន០១ នាក់៕