We TV Cambodia

សម្ដេច​ ហ៊ុន សែន ៖ មិនមាន​ការបិទ​ប្រទេស រាជធានី ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​

សម្ដេច​ ហ៊ុន សែន ៖ មិនមាន​ការបិទ​ប្រទេស រាជធានី ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​

នៅមុននេះបន្តិចសម្ដេច ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា ក្នុងខណៈ​ដែលមាន​មនុស្ស​អាក្រក់​មួយចំនួន​បាន បំផុស​ពាក្យចចាមអារ៉ាម​ថា រាជរដ្ឋាភិបាល​នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់​ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ​នោះ គឺមិនមែនជាការពិតឡើយ ពោលមិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ តំបន់​ណាមួយ​នោះទេ​។​

សម្ដេចបានបន្ថែមថា ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ខ្ញុំ​សូមបញ្ជាក់ថា​ នឹងមិនមាន​ការបិទ​ប្រទេស ឬ​រាជធានី ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​។ ការឃោសនា​អកុសល​របស់​ពួក​អាក្រក់​ទាំងនេះ សំដៅ​ធ្វើឱ្យ​ប្រទេស​មានចលាចល ទំនិញ​ឡើងថ្លៃ ប្រជាជន​រស់នៅ​មិនបាន​ស្ងប់ ដើម្បី​ពួកគេ​កេងចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​។​

សម្ដេចបន្តទៀតថា បញ្ហាសំខាន់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ វីដ​-១៩​នៅពេលនេះ គឺ​ប្រជាជន​គ្រប់រូប​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការពាក់​ម៉ាស់ ការ​លាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។

សូមបញ្ជាក់ថា ​កាលពី​ម្សិលមិញ​នេះ សម្ដេច ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់​ចំនួន ២​លាន​ម៉ាស់ ជូនទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចែកជូន​ប្រជាជន​ក្រីក្រ,​ នគរបាល​ចរាចរ, ​អ្នកជិះ​កង់, ជិះ​ម៉ូតូ​ដែល​មិនបាន​ពាក់​ម៉ាស់​ផងដែរ ដើម្បីឲ្យស្ថានការឆាប់ត្រឡប់មកដូចដើមវិញ។

អត្ថបទដោយ៖ Nevin

Related Articles