សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យឯកឧត្តម ហង់ ជួនណារ៉ុន ពិចារណាក្នុងការផ្អាកការប្រលងបាក់ឌុបឆ្នាំសិក្សា ២០១៩ ២០២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១ ខាងមុននេះ ដោយយកពិន្ទុឆមាសប្រចាំឆ្នាំដើម្បីសម្រេចថាជាប់ ឬធ្លាក់វិញ។
ដោយឡែក ចំពោះមូលហេតុនៃការសម្រេចបែបនេះ សម្ដេចហ៊ុន សែន បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនអាចបញ្ចប់ក្នុងពេលឆាប់ៗខាងមុខទេ ពោលគឺមិនអាចបញ្ចប់មុនថ្ងៃប្រលងបាក់ឌុបនោះទេ ដោយវាអាចអូសបន្លាយដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯណោះ។ ដូច្នេះយើងត្រូវទទួលយកនៅការពិត ព្រោះគិតមកទល់ពេលនេះយើងមិនទាន់មានវ៉ាក់សាំងនៅឡើយទេ។
សូមជម្រាបថា ការប្រលងបាក់ឌុបឆ្នាំសិក្សា២០១៩ ២០២០នេះ ដើមឡើយនឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ប៉ុន្តែដោយសារស្ថានការណ៍កូវីដ១៩ មិនសូវល្អ ទើបក្រសួងអប់រំសម្រេចលើកពេលប្រលងទៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១ វិញ និងចុងក្រោយទើបនឹងមានការសម្រេចរបស់សម្ដេចឲ្យយកពិន្ទុឆមាសតែម្ដង។
អទ្ថបទដោយ៖ Nevin
