We TV Cambodia

សម្ដេចហ៊ុន សែន បញ្ជក់ថាគ្មានការដាក់ប្រទេស ឬផ្នែកណាមួយក្នុងគ្រាមានអាសន្ននោះទេ

សម្ដេចហ៊ុន សែន បញ្ជក់ថាគ្មានការដាក់ប្រទេស ឬផ្នែកណាមួយក្នុងគ្រាមានអាសន្ននោះទេ

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយព្រោងព្រាតពីដំណឹងដែលថា សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានត្រៀនលិខិតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

ទោះជាយ៉ាងណា សម្ដចបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា «ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានាដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។»

សម្ដេចបញ្ជាក់បន្ថែមថា «ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕»

សូមជម្រាបថា ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ខណៈដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកំពុងធ្វើការស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងផងដែរ បុន្តែទោះយ៉ាងណាប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមក្នុងការទប់ស្កាក់ការឆ្លងទាំងអស់គ្នាជាមួយរដ្ឋាភិបាលផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles