ដោយ៖ពេជ្រ
ភ្នំពេញ៖ ថ្លែងក្នុងពិធី អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាល ក្នុងថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ៣ កំពុងសាងសង់ព្រមគ្នា។
សម្តេច បានឱ្យដឹងថាទោះបីប្រទេសនានាលើពិភព កំពុងរងគ្រោះដោយសារជំងឺកូវីដលោកក៏ដោយ រួមទាំងកម្ពុជាផងដែរ យ៉ាងណាមិញអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាចំនួន៣នៅតែសាងសង់ជាធម្មតា ។
បើតាមប្រសាសន៍សម្ដេច ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តាល ថា៖« កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិចំនួន៣ព្រមគ្នា ទោះបីជាមានជំងឺកូវីដ-១៩ យ៉ាងណាក្តី»។
បន្ថែមពីនេះសម្ដេចបានបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិដែលកំពុងសាងសង់នោះ រួមមានព្រលានយន្ដហោះអន្តរជាតិខេត្តកណ្តាល ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិកងកេង នៅក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ដែរថា បើតាមគម្រោងការសាងសង់ព្រលានយន្ដហោះអន្តរជាតិក្នុងខេត្តកណ្តាល អាចនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដោយព្រលានយន្តហោះនេះនឹងអាចឱ្យយន្តហោះខ្នាតធំចូលចតបានដោយមិនចង្អៀតនោះទេ៕