We TV Cambodia

សម្ដេចហ៊ុន សែនសម្រេចលើកថ្ងៃរៀបចំបុណ្យសមុទ្រក្នុងខេត្តព្រះសីហនុទៅឆ្នាំក្រោយវិញ

សម្ដេចហ៊ុន សែនសម្រេចលើកថ្ងៃរៀបចំបុណ្យសមុទ្រក្នុងខេត្តព្រះសីហនុទៅឆ្នាំក្រោយវិញ

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុទៅឆ្នាំក្រោយវិញ ដើម្បីបង្ការការពារសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

សម្ដេចហ៊ុន សែន

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងគ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅតំបន់ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ក្នុងអំលុងខែធ្នូ ឆ្នាំ២០២០។

ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ។

ភ្ញៀវទេសចរណ៍ទៅកំសាន្តក្នុងពីធីបុណ្យសមុទ្រជារៀងរាលឆ្នាំ

ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ ដែលកន្លងមកកម្ពុជាតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍ មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ៕

ដកស្រង់ដោយ៖ Nevin

ប្រភព៖ ក្រសួងទេសចរណ៍

Related Articles