ដោយ៖ពេជ្រ
ភ្នំពេញ៖សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្តចំពោះអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួច ហើយមានសមត្ថភាពសងត្រឡប់វិញនោះ អោយបន្តការបង់សងត្រលប់តាមធម្មតា ដោយទុកអាទិភាពអោយគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីប្រកាសក្នុងថ្ងៃ១៧ មេសា ឆ្នាំ២០២០ នេះ។
ក្នុងគ្រាលំបាកនៃជំងឺកូវីដ១៩នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញនូវវិធានការមួយចំនួន ដែលក្នុងនោះ សមាគម នៅតែរក្សានិងប្រកាន់ខ្ជាប់ នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយអោយប្រជាជនកម្ពុជា គ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសំបូរបែប និងទាន់ពេលវេលាតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះដែរ សមាគមគាំទ្រអតិថិជនរបស់ខ្លួន ដែលទទួលរងផលប៉ះពាល់ សមាជិកសមាគមនីមួយៗបាននិងកំពុង អនុវត្តដំណោះស្រាយផ្សេងៗ ទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុង ស្របទៅនឹងប្រភេទអតិថិជន ទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្តែងរបស់អតិថិជនម្នាក់ៗ ហើយដំណោះស្រាយទាំងនោះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសលើវិស័យទាំងបួន រួមមាន ទេសចរណ៍ កាត់ដេរ សំណង់ និងការដឹកជញ្ជូន ដូចមានចែងនៅក្នុងសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
ជាពីសេស សមាជិកសមាគមទាំងអស់ នឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនិងគាំទ្រ
អតិថិជនរបស់ខ្លួនដើម្បីធានា និរន្តរភាពវិស័យ និងបន្តផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន៕
