ដោយ៖ពេជ្រ
ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើមកក្រសួងអប់រំយុវជន និងកីឡា ឲ្យបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិត ដំណើរការជាធម្មតាវិញ។ នេះបើតាមសេចក្ដីប្រកាសពីសមាគម កាលពីថ្ងៃ ០៥ ឧសភា កន្លងទៅ។
ក្នុងសេចក្ដីប្រកាសរបស់សមាគម បានឲ្យដឹងថា ការស្នើរសុំឲ្យបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិតនេះ គឺយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ខណៈដែលកម្ពុជាក្នុងរយ់ពេល៣សប្ដាហ៍ចុងក្រោយនេះ មិនមានករណីឆ្លងកូវីដ១៩ថ្មីទេ ហើយចំនួនអ្នកជាសះស្បើយក៏កើនឡើងផងដែរ ដោយនៅសល់តែអ្នកជំងឺតែ០២នាក់ប៉ុណ្ណោះកំពុងព្យាបាល។
ក្នុងសេចក្ដីប្រកាសដដែលថា សមាគម សំណូមពរឲ្យក្រសួងត្រួតពិនិត្យមើលលទ្ធភាពតាមតំបន់មួយចំនួនដែលអាចឲ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតបើកដំណើរការ ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញផងដែរ។
បន្ថែមពីនេះ សមាគមបន្តថា ចំពោះការរៀនពីចំងាយ អាចទៅដល់សិស្សានុសិស្ស ចំពោះឪពុកម្ដាយដែលមានលទ្ធភាព ដោយឡែកចំពោះសិស្សក្រីក្រ ពិបាកនឹងទទួលការអប់រំតាមវិធីនេះ ដោយហេតុថា ឪពុកម្ដាយគ្មានលទ្ធភាព ហើយភាគច្រើនអាណាព្យាបាលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រៀនកូនៗបន្ថែមនៅផ្ទះ៕