We TV Cambodia

សត្វត្មាតរបស់កម្ពុជានៅតែបន្ដទទួលរងគ្រោះថ្នាក់ខ្លាំងពីការបំពុល ស្ទើតែដាច់ពូជ

សត្វត្មាតរបស់កម្ពុជានៅតែបន្ដទទួលរងគ្រោះថ្នាក់ខ្លាំងពីការបំពុល ស្ទើតែដាច់ពូជ

សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានចំនួន ១១៩ ក្បាល ក្នុងនោះត្មាតភ្លើងចំនួន១១ក្បាល ត្មាតផេះចំនួន ៧១ ក្បាល និងត្មាតត្នោតចំនួន ៣៧ ក្បាល។ ការរស់នៅរបស់ប្រភេទសត្វកម្ររទាំងនេះបានកំពុងតែប្រឈមនឹងការ ផុតពូជខ្លាំងណាស់ ព្រោះការបរបាញ់ ការដាក់ថ្នាំបំពុល និងការវិវត្ដបំលាស់ទីលំនៅ ទៅកាន់ប្រទេសជិតខាង។

លោក ម៉ាយឃើល ម៉ីយ័រហូហ្វ (Michael Meyerhoff) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មានប្រសាសន៍ថា «ប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចមានមោទនភាពចំពោះខ្លួនឯងដែលនៅមានវត្តមានសត្វត្មាតនៅក្នុងប្រទេស ប៉ុន្តែ គ្រប់គ្នាចាំបាច់ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្ស តាមរយៈការជួយការពារទីជម្រករបស់សត្វត្មាត និងជាពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។ បើមិនដូច្នេះទេ សត្វត្មាតរបស់កម្ពុជានឹងវិនាសផុតពូជដូច នៅក្នុងប្រទេសថៃ និងវៀតណាមជាមិនខាន»។

ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ២០២០ នៅថ្ងៃទី៥ ខែកញ្ញានេះកន្លងទៅ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ៖ «សត្វត្មាតរបស់កម្ពុជានៅតែកំពុងប្រឈមទៅនឹងការផុតពូជ» ដើម្បីបញ្រ្ជាបការយល់ដឹងថា សត្វត្មាតត្រូវការជំនួយពី មនុស្សទាំងអស់គ្នា ប្រសិនបើចង់ឃើញមានវត្តមានសត្វត្មាត រស់នៅក្នុងប្រទេសកម្ពុជាបន្តទៀត។

បច្ចុប្បន្ន វត្ដមានសត្វត្មាត គឺមិនច្រើននោះទេ នៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រក សត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង  និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។ លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF ប្រចាំកម្ពុជា មានប្រសាសន៍ថា «ស្ថានភាពអភិរក្សសត្វត្មាតទាំងបីប្រភេទដែលជាប្រភេទជិតផុតពូជបំផុតនៅកម្ពុជា គឺមានលក្ខណគួរឱ្យព្រួយបារម្ភខ្លាំង។ ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតរស់រានរបស់សត្វត្មាតប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពមនុស្ស និងបសុសត្វផងដែរ»។ សត្វត្មាត ជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ ការបង្កើតមុខរបរដែលផ្តល់ចំណូលដល់ប្រជាពលរដ្ឋផងដែរ។

យោងតាមទិន្នន័យទទួលបានពីផ្កាយរណបនាពេលថ្មីៗ នេះទាក់ទងទៅនឹងបំលាស់ទីរបស់សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ហាញឱ្យដឹងថា សត្វត្មាតអាចហោះហើរនៅលើអាកាសបានកម្ពស់៦គីឡូម៉ែត្រ និងអាចហើរបានក្នុងល្បឿន រហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចហើរទៅមកពីអាហារដ្ឋានផ្តល់ចំណីសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀមប៉ាងយ៉ាងងាយស្រួល។

ដោយ៖ Stince

Related Articles