We TV Cambodia

សត្វដំរីអាស៊ីមួយក្បាលដែលជាអំណោយពីប្រទេសប៉ាគីស្ថាន នឹងមកដល់កម្ពុជានៅចុងខែវិច្ឆិកានេះ

សត្វដំរីអាស៊ីមួយក្បាលដែលជាអំណោយពីប្រទេសប៉ាគីស្ថាន នឹងមកដល់កម្ពុជានៅចុងខែវិច្ឆិកានេះ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ សត្វដំរីអាស៊ីមួយក្បាល ដែលជាអំណោយពីប្រទេសប៉ាគីស្ថាន នឹងមកដល់ប្រទេសកម្ពុជានាចុងខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន។

បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វដំរីអាស៊ីមួយក្បាលនេះ ភេទឈ្មោល និងមានអាយុ៣៥ឆ្នាំ ហើយត្រូវបានដាក់ឈ្មោះថា កាវ៉ាន់។

ឯកឧត្តម បន្តថា នៅពេលសត្វដំរីឈ្មោលនេះដឹកមកដល់កម្ពុជា នឹងត្រូវផ្ទេរទៅព្រៃនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលថែរក្សាដោយអង្គការ CWS និងក្រសួងបរិស្ថាន។ ឯកឧត្តម មានប្រសាសន៍ថា ការមកដល់សត្វដំរីនេះ នឹងជួយឱ្យការអភិរក្សដំរីអាស៊ីដែលជាប្រភេទសត្វកម្រឱ្យជាប់គង់វង្សយូរអង្វែងនៅកម្ពុជា។

យោងតាមក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ បានបង្ហាញថា ក្នុងពេលបច្ចុប្បន្ន សត្វដំរីអាស៊ីដែលមានវត្តមានកម្ពុជានៅសល់ប្រហែលចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដោយសារទីនោះជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប មានប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅដល់ពួកវា និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួន៧១ក្បាល។

ឯកឧត្តម ក៏បានឱ្យដឹងថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្រិតនៃការបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយ មានការថយចុះ ប៉ុន្តែទីជម្រកនៃពួកគេត្រូវបានរំខានដោយមនុស្ស។ ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាមរដូវកាល ដើម្បីស្វែងរកចំណី។ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)៕

 

 

Related Articles