ដោយ៖ពេជ្រ
រតនគិរី៖ បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មានប្រភេទសត្វកម្រជាច្រើនត្រូវបានរកឃើញមានវត្តមានក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរីតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២ គ្រឿង ដែលមន្ត្រីឧទ្យានុរក្សបានដាក់ថតតាំងពីខែមេសា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ ២០២០។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ស បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិវីរៈជ័យ ហើយតាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ដោយថតបានសត្វព្រៃប្រភេទសត្វកម្រជាច្រើនរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រដូចជាមាន់ទោពណ៌ប្រាក់ និងកេងកងជាដើម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។
យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវចម្រុះ ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយជីវចម្រុះដែលបានបង្ហាញ វត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២, ៣០៨ ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ៕