ដោយៈ ទិន សុខាវុធ
គំរោងសាងសង់ Sea Breeze Hotel and Resort នៅលើផ្ទៃដី ៥,២២៤ ម៉ែត្រការ៉េ នៅក្នុងក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ភ្លើងខៀវអនុញ្ញាតអោយសាងសង់ហើយ។
កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ ការប្រជុំថ្នាក់អន្តរក្រសួងមួយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យគំរោងសំណង់មួយចំនួន ក្នុងនោះក៏មានគំរោងសាងសង់សណ្ឋាគារនិងរីស៊តខាងលើនេះដែរ។
ជាលទ្ធផល គំរោងនេះត្រូវបានរាជរដ្ឋាភិបាលគាំទ្រ និងបានចាត់ទុកថា គោរពទៅតាមគោលការណ៍បរិដ្ឋានស្អាត ព្រោះនៅក្នុងគំរោងនេះ ក៏មានការរៀបចំបង្កើតឡើងនូវអាងចំរោះទឹកកក្វក់ ដែលនឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងសំអាតបរិមាណទឹកកក្វក់ទាំងអស់ ដែលនឹងត្រូវប្រើប្រាស់ដោយសណ្ឋាគារនិងរ៊ីស៊ត។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានតំរូវអោយម្ខាស់គំរោងខាងលើ ត្រូវធ្វើយ៉ាងណារៀបចំតំបន់នៅជុំវិញគំរោងនេះ អោយក្លាយទៅជាតំបន់ប្រកបដោយមេត្រីភាពបរិស្ថាន ដោយត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ហើយក៏ត្រូវដាំដើមឈើ ឬរុក្ខជាតិលំអអោយបានច្រើនផងដែរ។
មួយវិញទៀត រាជរដ្ឋាភិបាលក៏បានតំរូវអោយម្ខាស់គំរោង ត្រូវគោរពវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងរចនាបថខ្មែរទាក់ទងទៅនឹងស្ថាបត្យកម្ម ទាំងនៅខាងក្នុងនិងខាងក្រៅបណ្តាអគារទាំងឡាយ។
ទាក់ទងនឹងរឿងនេះ យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្ត មានចំនួនជាង ១៥០ កន្លែង ហើយ ៩០% នៃសំណង់ទាំងនោះ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ចាប់ពីឆ្នាំ២០១៦ មកទល់នឹង ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុ ទទួលបានទុនវិនិយោគពីប្រទេសចិនមានចំនួនប្រមាណ ២ ពាន់លាន ដុល្លារអាមេរិក គឺស្មើនឹង ៨.៩% នៃទុនវិនិយោគសរុប៕