We TV Cambodia

សណ្ឋាគារ និងមណ្ឌលកម្សាន្តនៅខេត្តព្រះសីហនុបានបើកដំណើរការ

សណ្ឋាគារ និងមណ្ឌលកម្សាន្តនៅខេត្តព្រះសីហនុបានបើកដំណើរការ

ដោយៈ សាំ ឧត្តម

ខេត្តព្រះសីហនុ៖ សណ្ឋាគារ និង មណ្ឌលកំសាន្តឌុនហ័ង បានបើកឱ្យដំណើរការជាផ្លូវការហើយនៅខេត្តព្រះសីហនុ (DOUNHUANG) ស្របពេលដែលចំនួនភ្ញៀវទេសចរមានកំណើនជិត១១ភាគរយដែលជាចំនួនមានការកើនឡើងខ្លាំង។ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ងៀវទេសចរដែលមានសន្ទុះខ្លាំងនៅក្នុងខេត្តព្រះសីហនុបានធ្វើអោយខេត្តផ្ទាល់មានភាពរីកចម្រើនលើគ្រប់វិស័យជាវិសេសមានសន្ទុះលើវិស័យសំណង់និងអចលនទ្រព្យ។

សណ្ឋាគារ និងមណ្ឌលកម្សាន្តឌុនហ័ង ដែលបានបើកដំណើរការកាលពីម្សិលមិញនិងអាចចូលរួមចំណែកវិស័យអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុនឹងដើម្បីធ្វើអោយខេត្តព្រះសីហនុក្លាយជាទីក្រុងវៃឆ្លាតមួយក្នុងប្រទេសកម្ពុជាដែលជាខេត្តដែលមានពហុវិស័យ។ ថ្លែងក្នុងពិធីបើកសម្ពោធសណ្ឋាគារ និងមណ្ឌលកម្សាន្តខាងលើម៉ែន សំអនឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថាសណ្ឋាគារ និងមណ្ឌលកំសាន្ត ដ៏ល្អប្រណិតនេះ ពិតជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះសីហនុ ដែលជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា ពោរពេញទៅដោយសក្តានុពលយ៉ាងខ្លាំង ផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាខេត្តដែលមានសក្តានុពល សេដ្ឋកិច្ចខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ជាមួយនឹងការកំសាន្តតាមឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត កំពង់ផែអន្តជាតិ អាកាសយានដ្ឋានអន្តជាតិ និងធនធានធម្មជាតិដ៏សំបូរបែប និងត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ។ល។ ដែលបង្ហាញអំពីវប្បធម៌ និងបំរើដល់វិស័យទេសចរណ៍ និងធុរកិច្ច។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ ខេត្តទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១,៩៤០,១៩៩នាក់ កើនឡើង ១០.៦២% ក្នុងនោះ ភ្ញៀវជាតិ ១,២០៨,៥២៤នាក់ និងភ្ញៀវអន្តរជាតិ ៧៣១,៦៧៥នាក់។ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ គិតត្រឹមខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប ៨៨០កន្លែង ក្នុងនោះសណ្ឋាគារ ១០៨កន្លែង ស្មើនឹង ៧,១៦២បន្ទប់ ផ្ទះសំណាក់ ២៣៧កន្លែង ស្មើនឹង ២,៩៣៦បន្ទប់ បឹងហ្គាឡូចំនួន ៣១កន្លែង ស្មើនឹង ៤៣១បន្ទប់ ភោជនីយដ្ឋាន ៣១៣កន្លែង ស្មើនឹង ១៣,៨៣៣តុ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ចំណែកវិស័យសំណង់ក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ ក្នុងនោះទិន្នន័យសំណង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦គម្រោង អគារកម្ពស់ចាប់ពី៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង៕

Related Articles