រូបភាពតំណាង ប្រភព៖ Google
បើតាមរបាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ផ្ទះសំណាក់ និងអាផាតមិន ប្រមាណ១០០កន្លែងបានបឹទទ្វារ ប្រកបអាជីវកម្ម ដែលធ្វើអោយបុគ្គលិក ជាង២០០០នាក់អត់ការងារធ្វើ ដោយសារការរីករាលនៃជំងឺកូវីដ ១៩ នេះ។
ក្រសួងទេសចរណ៍បានបង្ហាញថា មានសណ្ឋាគារចំនួន៤១ ទីតាំង ស្មើនឹង៣១៣៩បន្ទប់ ដែលមាននិយោជិតចំនួន២០១៤នាក់ ក្នុងនោះស្រី៨៤៤នាក់ ប្រុស១១៧០នាក់ ត្រូវបានបិទទ្វារផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារតែគ្មានភ្ញៀវចូលស្នាក់នៅ ដោយសារការរីករាលដាលនៃជំងឺCovid-19 ។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថាសណ្ឋាគារទាំង៤១ទីតាំងខាងលើនេះ មានសណ្ឋាគារចំនួន១៨ ស្មើ៨៧១បន្ទប់ បានបិទទ្វារទាំងស្រុង ក្នុងនោះសណ្ឋាគារបិទ បានដាក់ពាក្យរួចរាល់មានចំនួន២សណ្ឋាគារ និងមិនទាន់បានមកដាក់ពាក្យមានចំនួន១៦សណ្ឋាគារ ។
ដោយឡែកសណ្ឋាគារផ្អាកបណ្តោះអាសន្នមានចំនួន២៣សណ្ឋាគារ ស្មើនឹង២២៦៨បន្ទប់ ក្នុងនោះសណ្ឋាគារផ្អាកបានដាក់ពាក្យផ្អាកមានចំនួន១១សណ្ឋាគារ និងមិនទាន់បានដាក់ពាក្យមានចំនួន១២សណ្ឋាគារ។
ក្រសួងទេសចរណ៍បានអោយដឹងបន្ថែមទៀតថា ក្រៅពីសណ្ឋាគារ ក៏មានអាផាតមិនចំនួន២ទីតាំង ស្មើនឹង១៣៨បន្ទប់ បានបិទទ្វារ។ ដោយឡែក អាជីវកម្មផ្ទះភ្ញៀវ(home stay) ដែលបានបិទមានចំនួន៤១ ហើយសម្រាប់អាជីវកម្មភោជនីយដ្ឋានបានបិទចំនួន២ភោជនីយដ្ឋាន៕
