ដោយៈ ទិន សុខាវុធ
សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិ Sunshine Bay នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់អោយដំណើរការជាផ្លូវការ។
យោងតាមទំព័រ Facebook របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ សណ្ឋាគារលំដាប់ផ្កាយប្រាំខាងលើ ត្រូវបានដាក់សម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
នៅក្នុងឱកាសនោះ លោក NG Man Son ប្រធានក្រុមហ៊ុ់ន Century Entertainment ដែលជាម្ខាស់គំរោងវិនិយោគ Sunshine Bay Hotel Resort និងដែលជាក្រុមហ៊ុនវិនិយោគមកពីក្រុងហុងកុង បានសំដែងនូវមោទភាពចំពោះការសំរេចបានប្រកបដោយជោគជ័យ ពីការសាងសង់សណ្ឋាគារដ៏ប្រណិតមួយនេះ នៅក្នុងក្រុងព្រះសីហនុ។
បើតាមលោក NG Man Son សណ្ឋាគារ Sunshine Bay មានកំពស់ ៣០ ជាន់ និងមាន ២២២ បន្ទប់ ដែលអាចបង្កើតការងារបានចំនួន ១៥០០ កន្លែងសំរាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។
មួយវិញទៀត លោកប្រធានក្រុមហ៊ុន Century Entertainment មានសុទិដ្ឋិនិយមថា នៅថ្ងៃអនាគត ក្រុងព្រះសីហនុនឹងក្លាយទៅជាទីក្រុងដ៏ទំនើបមួយ មិនចាញ់ក្រុងហុងកុង និង ម៉ាកាវ ឡើយ។
«រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបានដាក់ចេញផែនការក្នុងការកសាងស្ថានីយចម្រោះទឹកកខ្វក់ ការពង្រីកប្រព័ន្ធលូ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅខេត្តព្រះសីហនុនេះ» នេះជាសំណេររបស់ក្រសួងទេសចរណ៍នៅលើទំព័រ Facebook របស់ក្រសួង។
ជាមួយគ្នានេះដែរ ឯកឧត្តម គុជ បញ្ញាសា បានអបអរសាទរចំពោះសមិទ្ធិផលនៃសំណង់សណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយនេះ នៅលើទឹកដីនៃក្រុងព្រះសីហនុ។ ហើយលោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Century Entertainment ដែលបានចូលរួមចំណែកដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ក្នុងគោលបំណងលើកកំពស់គុណភាពសេវាទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាការបង្កើតឱកាសការងារសំរាប់ប្រជាពលរដ្ឋ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល (យុទ្ធសាស្ត្រចតុកោណ តំណាក់កាលទី ៤) ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ថាជា «តំបន់សេដ្ឋកិច្ចពហុបំណង» ដែលជាគោលដៅទីក្រុងទេសចរណ៍មួយ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច៕