We TV Cambodia

សក្តានុពលនៃវិស័យអចលនទ្រព្យតាមផ្លូវជាតិលេខ ៤

សក្តានុពលនៃវិស័យអចលនទ្រព្យតាមផ្លូវជាតិលេខ ៤
រូបថតៈ Wikipedia

ដោយៈ ទិន សុខាវុធ

ផ្ទៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ ៤ ត្រូវ​បាន​អ្នក​ជំនាញចាត់ទុក​ថា​មាន​សក្តានុពល​យ៉ាង​ខ្លាំងក្លា នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ព្រោះ​វា​ជា​សសៃឈាម​សេដ្ឋកិច្ច ក្នុង​ការតភ្ជាប់​សកម្មភាព​​សេដ្ឋកិច្ច​ទាំងឡាយ​ រវាង​រាជធានី​ភ្នំពេញ​និង​កំពង់​ផែអន្តរជាតិ​ក្នុង​ក្រុង​ព្រះ​សីហនុ ដោយ​ឆ្លង​កាត់​ខេត្ត​កំពង់​ស្ពឺ​​ ក្នុង​ចំងាយ ២៣២ គីឡូម៉ែត្រ​។

ក្នុង​រយៈពេល ៥ ឆ្នាំ ចុង​ក្រោយ​នេះ សំណង់ជា​ច្រើន​ត្រូវបានសង់នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៤ ។ ហើយ​ជាទូទៅ​សំណង់ទាំងនោះ​មាន​ដូចជា លំនៅដ្ឋាន​ធម្មតា បុរី ស្ថានីយ​ប្រេង​ឥន្ធនៈ ផ្សារ មន្ទីរពេទ្យ​អន្តរជាតិ ​និង​ សាលារៀន ជាដើម​។ល។​និង​។ល។

ដោយឡែក នៅតាម​ដងផ្លូវ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ក្រុង​ច្បារមន​ក្នុង​ខេត្ត​កំពង់​ស្ពឺ មាន​គំរោង​សំណង់​ជា​ច្រើន​ កំពុង​តែ​រីក​ដុះដាលដូច​ផ្សិត​ មាន​ដូច​ជា​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) រោងចក្រ​ចំនួន ៣៧៧ ​បង្កើតការងារ​ជូន​ប្រជាពលរដ្ឋចំនួន ១១៤,១៧៣ កន្លែង បុរី​ពិភព​ថ្មី បុរី​ញ៉ូថោន និង សំណង់​ផ្ទះ​​ជាច្រើន​​នៅ​ក្នុង​តំបន់​ផ្សារ​បែកចាន តំបន់​ថ្នល់ទទឹង តំបន់​អង្គស្នួល តំបន់​ច្បារមន នៃ​ខេត្ត​កំពង់ស្ពឺ​។

យ៉ាងណាម៉ិញ ក្រុមហ៊ុ់ន​តេលា​កម្ពុជា​ក៏​មាន​គំរោងសាង​​សង់​ «One Stop Service» (rest area)  ស្ថិត​នៅ​ត្រង់​គីឡូម៉ែតលេខ ២៦​ ក្នុង​ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល​។  យោង​តាម​ទំព័រ​ Facebook របស់​ក្រុមហ៊ុន​តេលា One Stop Service ជា​កន្លែង​បំរើ​សេវា​បែប​ថ្មីមួយ​របស់​ក្រុមហ៊ុន​ ដែល​នៅ​ក្នុង​នោះ​នឹង​មាន​ស្ថានីយប្រេង​ឥន្ធនៈ កន្លែង​ឈប់​សំរាក​លំហែកាយ ភោជនីយដ្ឋាន និង កន្លែង​លក់​ផ្លែ​ឈើ​ស្រស់​ៗ​ ជា​ច្រើន​កន្លែង​។

មួយវិញទៀត មជ្ឍមណ្ឌល​ឧស្សាហកម្ម​ជា​ច្រើន​ក៏​ត្រូវ​បានសង់នៅតាម​បណ្តោយ​ផ្លូវ​ជាតិលេខ ៤ នេះ​ដែរ ដូច​ជា​តំបន់ឧស្សាហកម្ម​នៅ​ត្រង់​តំបន់​ អង្គស្នួល បែក​ចាន និង ថ្នល់​ទទឹង​ ជាដើម​។

ការសំរេច​ចិត្ត​សង់​រោង​ចក្រ​នានា​​នៅតាម​បណ្តោយ​ផ្លូវ​នេះ ពីព្រោះ​អ្នកវិនិយោគ​​ទាំងនោះ​មើលឃើញ​ពី​ភាព​ងាយ​ស្រួលក្នុង​ការដឹកទំនិញពី​រោងចក្រ​របស់​ពួ​កគេ ទៅកាន់កំពង់​ផែ​កំពង់សោម​ ឬ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​ ៤ នេះ​។

លើស​ពីនេះ​ទៀត តំលៃ​ដី​ឡូតិ៍​នៅ​តាម​បណ្តោយ​ដង​ផ្លូវ​នេះ​ ក៏​មាន​តំលៃ​សមរម្យ​អាច​អនុញ្ញាត​អោយ​វិនិយោគិន​ទិញ​សំរាប់​សាងសង់​ រោចក្រ ស្ថានីយប្រេង​ឥន្ធនៈ លំនៅដ្ឋាន បុរី និង​ឬ ​ពុះដីលក់បាន​សមតាមបំណង​។ បើនិយាយ​ពីតំលៃ​វិញ ផ្ទៃ​ដី​មាន​ទំហំ​​ក្រោម​ ៥,០០០ ម៉ែត្រ​ការ៉េ មាន​តំលៃ​ចាប់​ពី ៣០០ ដុល្លារ ដល់ ៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។ ចំណែក​ឯ​ដី​ដែល​មានទំហំ​ធំ​ជាង ៥,០០០ ម៉ែត្រ​ការ៉េ​វិញ មាន​តំលៃ​ចាប់​ពី ៥០ ដុល្លារ ទៅ ៣០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។ ជាទូទៅ តំលៃ​របស់​ដីឡូតិ៍ អាស្រ័យ​ទៅ​តាម​ទីតាំង​ភូមិសាស្ត្រ​ពាណិជ្ជកម្ម ​សណ្ឋាន​ដី និង​កម្មសិទ្ធិ​ជាដើម​​៕

Related Articles