We TV Cambodia

វ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ី កំពុងទទួលការចាប់អារម្មណ៍ពីប្រទេសមួយក្នុងតំបន់អឺរ៉ុប

វ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ី កំពុងទទួលការចាប់អារម្មណ៍ពីប្រទេសមួយក្នុងតំបន់អឺរ៉ុប

វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី ដែលមានឈ្មោះថា Sputnik V កំពុងទទួលបានការចាប់អារម្មណ៍ពីមឲប្រទេសមួយក្នុងតំបន់អឺរ៉ុប គឺប្រទេសស៊ុយអែត ខណៈក្រុមអ្នកជំនាញរបស់ស៊ុយអែត បានចាប់ផ្តើមយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ីស្ដីពីវ៉ាក់សាំងនេះ។

លោក Viktor Tatarintsev ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសស៊ុយអែត បានប្រាប់ឲ្យដឹងថា «យើងបានកត់សម្គាល់ថា រដ្ឋធានី Stockholm បានចាប់ផ្តើមបង្ហាញសញ្ញានៃការចាប់អារម្មណ៍ទៅលើវ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ីឈ្មោះ Sputnik V»។

លោកបន្តថា ក្រុមអ្នកជំនាញផ្លូវការរបស់ស៊ុយអែតបានចាប់ផ្តើមយកចិត្តទុកដាក់ចំពោះវ៉ាក់សាំងនេះ ហើយថាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Gamaleya របស់រុស្ស៊ីនេះ គឺគួរឱ្យចាប់អារម្មណ៍ណាស់។ មិនតែប៉ុណ្ណោះ ភាគីស៊ុយអែត គ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលទៅលើវ៉ាក់សាំងជាមួយអ្នកជំនាញរុស្ស៊ី។

លោក Tatarintsev បានបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹមថា សញ្ញាវិជ្ជមានដែលត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មានស៊ុយអែតទាក់ទងនឹងចំណាប់អារម្មណ៍របស់ទីក្រុង Stockholm ក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ នឹងប្រែទៅជាការឆ្លើយតបជាផ្លូវការទៅនឹងប្រទេសរុស្ស៊ីវិញ»។

អត្ថបទដោយ៖ Nevin

Related Articles