
វីរុសថ្មីមួយក្នុងប្រទេសថៃបានកើតឡើង ដែលបណ្ដាលឲ្យសត្វសេះប្រមាណជិត ២០០ក្បាលបានស្លាប់ ហើយវីរុសថ្មីនេះ មានឈ្មោះថា AHS( African Horse Sickness)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post របស់ប្រទេសថៃ។

វីរុស AHS ត្រូវបានគេចោទថា កើតចេញពីសេះបង្កង់នៅទ្វីបអាហ្វ្រិក ហើយបានវាយប្រហារទៅលើសេះប្រណាំងនិងសេះផ្សេងទៀត និងត្រូវបានរាយការណ៍ដំបូងពីវីរុសនេះកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងមក។
ក្នុងខណៈពេលនេះដែរ ថៃបានធ្វើការពិនិត្យយ៉ាងតឹងរឹងចំពោះការដឹកជញ្ជូនសេះនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ហើយចំពោះសេះណាដែលមានឆ្លងវីរុស AHS នឹងត្រូវធ្វើការឃុំទុកដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្តទៀត។

គូសបញ្ជាក់ផងដែរថា វីរុសថ្មីនេះបានកើតឡើងក្នុងកំលុងពេលដែលពិភពលោកកំពុងតែជួបបញ្ហាដោយសារការរីករាលដាលនៃជំងឺ COVID-19 ហើយប្រទេសថៃក៏មានអ្នកឆ្លងជំងឺ COVID-19 នេះច្រើនគួរសមដែរគឺចំនួន ២,៥៥១នាក់ និងអ្នកស្លាប់បានកើនដល់ ៣៨នាក់ហើយគិតមកត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
