We TV Cambodia

វិស័យលំនៅដ្ឋានកំពុងមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ២០២០

វិស័យលំនៅដ្ឋានកំពុងមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ២០២០

ភ្នំពេញ​ ​៖​ ​វិស័យ​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​កំពុងតែ​មាន​ភាព​រីកចម្រើន​ ​និង​សន្ទុះ​នៃ​ការ​អ​ភិ​វឌ្ឍន័​យ៉ាង​ឆាប់រហ័ស​ ​ជាពិសេស​នៅ​តាម​បណ្តា​តំបន់​ជាយក្រុង​ ​និង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​។​ ​ដោយឡែក​នៅ​ឆ្នាំ២០២០នេះ​ ​អ្នកជំនាញ​នៅក្នុង​វិស័យ​នេះ​ ​នៅតែ​មាន​សុទិដ្ឋិនិយម​ដដែល​ ​ជាមួយនឹង​ក្ដី​រំពឹង​ថា​ ​នឹង​បន្ត​ភាពល្អ​ប្រសើរ​។​ ​

​នៅ​ត្រឹម​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ​វិស័យ​លំនៅឋាន​បាន​បង្ហាញ​ពី​ភាព​លេចធ្លោ​ ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ជាពិសេស​ប្រភេទ​លំនៅឋាន​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ ​ដែល​មាន​តម្រូវ​ទីផ្សារ​យ៉ាង​លើសលប់​។​ ​

លោក​បណ្ឌិត​ ​តាន់​ ​មុនី​វណ្ណ​ ​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​“​ឆ្នាំ២០២០នេះ​ ​បើ​និយាយ​ពី​វិស័យ​សំណង់​រួម​ ​គឺ​ហាក់ដូចជា​ពិបាក​ក្នុង​ការព្យាករណ៍​បន្តិច​ថា​តើមាន​ភាពល្អ​ប្រសើរ​ ​ឬ​ថមថយ​នោះ​ទេ​ ​ប៉ុន្តែ​បើ​ចំពោះ​វិស័យ​លំនៅ​ដ្ឋាន​ក្នុង​ស្រុក​គឺ​នៅតែ​មាន​តម្រូវការ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​ជា​ធម្មតា​លំនៅឋាន​ ​គឺជា​តម្រូវការ​ចាំ​របស់​មនុស្ស​គ្រប់រូប​ ​ដូចនេះ​ ​មិនថា​ឆ្នាំនេះ​ ​ឬ​ឆ្នាំ​ណា​នោះ​ទេ​ ​ទីផ្សារ​គឺ​នៅតែ​ល្អ​ ​ប៉ុន្តែ​ក្នុង​ន័យ​នេះ​ ​អ្នក​អភិវឌ្ឍន៍​ក៏​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ​ ​ជៀសវាង​ការ​សម្រុក​វិនិយោគ​ ​និង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ដែល​ខុសពី​តម្រូវការ​ទីផ្សារ​”​។​ ​

​គម្រោង​វិនិយោគ​ ​និង​អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋាន​ដែល​កំពុងតែ​បង្ហាញ​វត្តមាន​ ​និង​សកម្មភាព​សាងសង់​បំពេញ​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង​ឃើញ​មាននៅ​តំបន់​ជុំវិញ​ ​តំបន់​ជាយក្រុង​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៦​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវ​លេខ៥១​ ​រួម​ជាមួយនឹង​តំបន់​ក្បែរ​ភ្នំ​បាសិត​ ​ហើយ​ភាគច្រើន​លំនៅឋាន​ដែល​មាន​តម្រូវការ​ខ្ពស់​មានតម្លៃ​ចាប់ពី៤​-​៧ម៉ឺន​ដុល្លារ​ ​(​លំនៅឋាន​កម្រិតមធ្យម​)​ ​ហើយ​ក្រៅពី​នេះ​ប្រភេទ​លំនៅឋាន​អាជីវកម្ម​ ​(​ShopHouse​)​ ​ដែល​មានតម្លៃ​ត្រឹម​ជាង១០ម៉ឺន​ដុល្លារ​ ​ក៏​មាន​តម្រូវការ​ផង​ដែរ​។​ ​

​នៅក្នុង​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​លំហូរ​ទុន​វិនិយោគ​នៅក្នុង​វិស័យ​លំនៅឋាន​មាន​ទឹកប្រាក់​រហូតដល់​ជាង៣៦៦១លាន​ដុល្លារ​អាមេរិក​ ​និង​មានផ្ទៃ​ក្រឡា​សំណង់​រហូតដល់​ជាង៨លាន​ម៉ែត្រការ៉េ​។​
​យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​បាន​ឲ្យដឹង​ក្នុង​សន្និបាត​ក្រសួង​ ​កាលពីដើម​សប្តាហ៍​នេះ​បាន​ឲ្យដឹង​ថា​ ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ២០១៩​ ​មាន​ចំនួន៣,៧៣២​ ​គម្រោង​មានផ្ទៃ​ក្រឡា​ ​កម្រាល​សំណង់​ចំនួន៨,០២៤,២៨៦ម៉ែត្រការ៉េ​ ​មាន​ទុន​វិនិយោគ៣,៦៦១,២៧៥,៣៥០ដុល្លារ​ ​ស្មើនឹង៣៨,៤៨៨ខ្នង​។​

​ចំណែក​ឯកជន​/​ល្វែង​បុរី​លំនៅឋាន​ ​និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​ ​នៅ​ទូទាំង​ប្រទេស​ ​ចំនួន៤០គម្រោង​ ​ស្មើនឹង១៦,៥៨៩ខ្នង​ ​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប២,៤៩៦,៣៥៨ម៉ែត្រការ៉េ​ ​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ​ប្រមាណ៨២១,៣០៦,៦៧៦ដុល្លារ​។​ ​របាយការណ៍​បាន​បន្ត​ថា​ ​ចំណែក​អគារ​ផ្ទះល្វែង​ ​និង​ភូមិគ្រឹះ​ ​នៅ​ទូទាំង​ប្រទេស​មាន២០,៧៨១​ ​ល្វែង​/​ខ្នង​ ​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់៣,៤៩៩,២០៤ម៉ែត្រការ៉េ​ ​ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ​ប្រមាណ​ជាង១,២៦៩លាន​ដុល្លារ​។​ ​អគារ​ស្នាក់នៅ​រួមមាន១៥២គម្រោង​ ​ស្មើនឹង១៧,៧០៧យូនី​ត​។​ ​ចំណែក​ឯកជន​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ ​៣,២០៣,០០១ម៉ែត្រការ៉េ​ ​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ១,៩០៧,២៦៩,៥៧៨ដុល្លារ​៕​

រូបភាពឯកសារ

ដោយ៖ ឧត្ដម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *