We TV Cambodia

វិស័យផ្ទះលំនៅដ្ឋានបែបបុរីនឹងបាត់វត្តមាននៅក្នុងទីក្រុងភ្នំពេញបន្ទាប់ពីតម្លៃដីមានកើនឡើងខ្ពស់

វិស័យផ្ទះលំនៅដ្ឋានបែបបុរីនឹងបាត់វត្តមាននៅក្នុងទីក្រុងភ្នំពេញបន្ទាប់ពីតម្លៃដីមានកើនឡើងខ្ពស់
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អេស៊ា រៀលអេស្ទេត

ដោយ៖ ឧត្តម

ភ្នំពេញ៖ យោងទៅតាមអ្នកជំនាញបានបង្ហាញថាវិស័យផ្ទះលំនៅឋានបែបបុរីត្រូវបានបណ្តែតខ្លួនចេញពីទីក្រុងគួរអោយកត់សម្គាល់ក្នុងរយះពេល១ឆ្នាំចុងក្រោយនេះបន្ទាប់ពីតម្លៃដីនៅតាមតំបន់នានាក្នុងទីក្រុងភ្នំពេញមានការហក់ឡើងខ្ពស់ដោយជំនួសមកវិញនៅអគារពណិជ្ជកម្ម ខុនដូ។

ដោយមើលឃើញថា ខណះពេលដែលអគារខុនដូកំពុងមានការឡើងគ្រប់ទីកន្លែងនានា អ្នកវិភាគផ្នែកអចលន្រព្យបានសម្លឹងមើលឃើញថា វិស័យបុរីផ្ទះល្វែងត្រូវបានឃ្លាតឆ្ងាយពីទីក្រុងបន្តិចម្តងៗបន្ទាប់ពីតម្លៃដីកើនឡើងនៅកណ្តាលក្រុងម្យ៉ាងវិញទៀតក៏ដោយសារគ្មានទំហំដីដែលអាចសាងសង់បានគ្រប់គ្រាន់។ ដោយអ្នកជំនាញបានលើកកឡើងថា តម្លៃដីនៅក្នុងទីក្រុងមានតម្លៃចន្លោះពី២០០០ទៅ៨០០០ដុលា្លរក្នុងមួយម៉ែត្រការ៉េ។
បើតាមទៅតាមរបាយការណ៍ដែលWe Tv Cambodiaទទួលបាននោះបានបង្ហាញថា តម្លៃនៅក្នុងតំបន់កោះពេជ្រនៅពេលបច្ចប្បន្នមានតំលៃចាប់ពី $4,000 ទៅ $5,000 ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្រៅពីនេះ តម្លៃដីនៅប៉ែកមណ្ឌលកំសាន្ត NAGA1 NAGA2 ក៏មានតំលៃប្រហាក់ប្រហែលគ្នានេះដែរ។ ដោយឡែកតម្លៃដីនៅក្នុងខណ្ឌបឹងកេងកងវិញ គឺស្ថិតនៅចន្លោះចាប់ពី $4,500 ទៅ $5,500 ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ឬអាចខ្ពស់ជាងនេះ អាស្រ័យទៅតាម ទីតាំង តំរូវការ និង ទំហំផងដែរ។
ចំពោះដីឡូតិ៍ស្ថិតក្នុងខណ្ឌដូនពេញវិញ តំលៃរបស់វាស្ថិតក្នុងចន្លោះពី $6,000 ទៅ $7,000 ដុល្លារក្នុងមួយមែត្រការ៉េ
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បានលើកឡើងថា បុរីជាច្រើនដូចជាបុរីពិភពថ្មីជាដើមនេះត្រូវបានងាយបង្វែរខ្លួនទៅអភិវឌ្ឍន៍និងសាងសង់នៅតាមជាយក្រុងវិញម្តងបន្ទាប់ពីកំណើននៃតម្លៃដីមានការកើនឡើងខ្លាំង។
លោកមានប្រសាសន៍ថា៖« នាពេលខាងមុខវត្តមានបុរីនៅក្នុងក្រុងហ្នឹងបាត់សូន្យឈឹងក្រោយពេលដែលវិស័យអគារពណិជ្ជកម្ម ខុនដូផ្សារទំនើប ត្រូវបានកកើតឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះបីជាយ៉ាងណាបុរី នានាដែលមានវត្តមានក្នុងប្រទេសកម្ពុជាមិនបានបាត់បង់នោះទេក៏ប៉ុន្តែបុរីទាំងអស់ត្រូវបានស្វែងរកទីតាំងដែលមានសក្តានុពលខ្ពស់ព្រមទាំងជាតំបន់ប្រកបដោយការអភិវឌ្ឍខ្ពស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធនិង សេដ្ឋកិច្ច។
លោកបានបញ្ជាក់ថាវិស័យបុរីកំពុងសម្រុកទៅសាងសង់នៅតាមផ្លូវជាតិលេខ៣និងលេខ៤ដោយសារនៅទីតាំងទាំងពីរនេះជាភូមិសាស្ត្រអំណោយផលបន្ទាប់ពីមានការពង្រើកផ្លូវធំជាងមុន។ ដោយក្រុមហ៊ុនបុរីនានាកំពុងទិញដីនៅតាមតំបន់នោះជាបណ្តើរៗហើយក្រោយពីទីផ្សារនៅកណ្តាលក្រុងមិនអាចសាងសង់បន្តទៀតបាន។
សូមរំលឹកផងដែរថា នាពេលបច្ចុប្បន្នបុរីដែលមានកំណើនកើនឡើងខ្ពស់ជាងគេនៅតាមផ្លូវជាតិលេខ៣និង ៤ បន្ទាប់ពីផ្លូវជាតិសំខាន់ទាំងពីរនេះហើយគឺនៅតាមផ្លូវជាតិលេខ១ និង២ ដែលមានវត្តមានសំណង់បុរីកើនមានច្រើនផងដែរ៕

Related Articles