We TV Cambodia

វិស័យខុនដូកំពុងជួបព្យុះភ្លៀង ខណៈការលក់ដាំក្បាលចុះស្ទើរដល់ដី

វិស័យខុនដូកំពុងជួបព្យុះភ្លៀង ខណៈការលក់ដាំក្បាលចុះស្ទើរដល់ដី
ខុចដូនៅកម្ពុជា (ប្រភព៖ stince)

វិបត្តិកូវីដ១៩ ចេះតែអូសបន្លាយទៅមុខ ផលប៉ះពាល់មកលើវិស័យផ្សេងៗកាន់តែធ្ងន់ធ្ងរទៅៗ ដូចជាវិស័យទេសចរណ៍ អចលនទ្រព្យជាដើម។ ប៉ុន្តែ អ្នកជំនាញអចលលនទ្រព្យនៅកម្ពុជាធ្លាប់បានលើកឡើងថា ទីផ្សារផ្ទះល្វែងមិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ផ្ទុយស្រឡះពីផ្ទះល្វែង វិស័យខុនដូនៅកម្ពុជាបច្ចុប្បន្នកំពុងជួបព្យុះភ្លៀងយ៉ាងខ្លាំង ដែលមិនធ្លាប់ជួបពីមុនមក ខណៈការលក់ក្នុងរយៈពេលប៉ុន្មានខែនេះ បានដាំក្បាលចុះស្ទើរដល់ដី ដោយមិនមានអ្នកមកទិញឡើយ។ មិនតែប៉ុណ្ណោះ សញ្ញាណនៃការងើបឡើងវិញហាក់នៅមានភាពស្ដួចស្ដើង ហើយមិនអាចរំពឹងថានឹងងើបឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ។

សំណង់ក្នុងរាជធានីភ្នំពេញ (ប្រភព៖ dreamstime)

ការធ្លាក់ចុះដ៏ខ្លាំងបែបនេះ ដោយសារតែភាគច្រើននៃអ្នកទិញខុនដូជាជនបរទេស ពិសេសគឺជនជាតិចិនដែលមកវិនិយោគនៅកម្ពុជាតែម្ដង ហើយបន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០២០ មក ជនជាតិចិនជាច្រើនបានសម្រុកនាំគ្នាវិលត្រឡប់ទៅស្រុកកំណើតវិញ ដែលធ្វើឲ្យកាលក់ និងការជួលខុនដូធ្លាក់ចុះភ្លាមៗមួយរំពិច។

លើសពីនេះទៅទៀត ជើងហោះហើរភាគច្រើនត្រូវបានផ្អាក ដែលធ្វើឲ្យចំណូលនៃជនបរទេសចូលមកកម្ពុជាគ្មានការកើនឡើង។ មួយវិញទៀត វិបត្តិកូវីដ១៩ ក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ពលរដ្ឋផលដែរ ដែលធ្វើឲ្យការចំណាយត្រូវបានកាត់បន្ថយ ហើយយើងក៏ដឹងដែរថា តម្លៃនៃការទិញ ឬជួលខុនដូគឺមានតម្លៃថ្លៃ រួមទាំងការចំណាយផ្សេងជាដើម។

សំណង់ក្នុងរាជធានីភ្នំពេញ (ប្រភព៖ investasian)

សូមជម្រាបថា វិស័យខុនដូអាចនឹងរងគ្រោះធ្ងន់ធ្ងរជាងនេះថែមទៀត បើវិបត្តិកូវីដ១៩ នៅតែបន្តអូសបន្លាយ ហើយវិស័យផ្សេងៗទៀតក៏អាចប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នាដែរ។

អត្ថបទដោយ៖ Nevin

Related Articles