We TV Cambodia

វិបត្តិ COVID-19 ធ្វើឲ្យវិស័យអាកាសចរណ៍កម្ពុជាធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរហូតដល់៩៨%

វិបត្តិ COVID-19 ធ្វើឲ្យវិស័យអាកាសចរណ៍កម្ពុជាធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរហូតដល់៩៨%
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ vinci)

ចាប់តាំងពីមានការរីករាលដាល COVID-19 រហូតមកទល់ពេលនេះ វិស័យអាកាសចរណ៍កម្ពុជា បានធ្លាក់ចុះរហូតដល់៩៨% ឯណោះ ដែលការធ្លាក់ចុះនេះគឺមានអត្រាខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍កម្ពុជាពីមុនមកនោះទេ។

បើតាមលោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឲ្យដឹងថា ជើងហោះហើររបស់កម្ពុជាមានការធ្លាក់ចុះខ្លាំងដល់៩៨% ដោយសារតែក្រុមហ៊ុនអាកាសចរណ៍នានាដែលហោះហើរមកកាន់កម្ពុជា បានបិតជើងហោះហើររបស់ខ្លួន។ ប៉ុន្តែ លោករំពឹងថា ជើងហោះហើរនៅកម្ពុជានឹងមានការកើនឡើងវិញចំនួន៤០% នៅដើមខែកក្កដាខាងមុខនេះ។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា (ប្រភព៖ Google)

មួយវិញទៀត អាកាសយដ្ឋានទាំងបីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀ​មរាប, និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមិនបានបិទនោះទេ ពោលគឺនៅតែបើកនិងដំណើរការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិជាធម្មតា ទោះបីកម្ពុជា និងពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំងឺ Covid-19 ក៏ដោយ។

ទិដ្ឋភាពក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាឱ្យជនបរទេសមកពីប្រទេសចំនួន៦ចូលមកកម្ពុជាបានវិញមានដូចជា អាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាឡឺម៉ង់ និងអ៊ីរ៉ង់ តែយ៉ាងណាក៏ដោយ គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពបញ្ជាក់ថា គ្មានមេរោគCovid-19  ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាល នៃប្រទេសសាមីក្នុងរយៈពេល៧២ម៉ោង។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles