We TV Cambodia

វិបត្តិកូវីដក្លាយជាឱកាសសម្រាប់អ្នកមាន ក្នុងការវិនិយោគលើវិស័យលំនៅដ្ឋាន

វិបត្តិកូវីដក្លាយជាឱកាសសម្រាប់អ្នកមាន ក្នុងការវិនិយោគលើវិស័យលំនៅដ្ឋាន
គម្រោងផ្ទះល្វែង (ប្រភព៖ Google)

មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ដែលបានរីករាលដាលអស់រយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយអ្នកខ្លះបានបាត់បង់ការងារ កាត់បន្ថយប្រាក់ខែ និងអ្នកខ្លះទៀតត្រូវផ្អាកអាជីវកម្មជាដើម ហើយប្រជាជនកម្ពុជាមួយចំនួនបានរងផលប៉ះពាល់ដោយសារវិបត្តិមួយនេះផងដែរ។

គម្រោងផ្ទះល្វែង (ប្រភព៖ FB)

ទោះជាយ៉ាងណា វិបត្តិកូវីដ១៩ បានក្លាយជាឱកាសសម្រាប់អ្នកមាននៅកម្ពុជាទៅវិញ ពិសេសគឺអ្នករកស៊ីក្នុងវិស័យលំនៅដ្ឋាន ដោយសារតែក្នុងកំឡុងពេលនេះតម្លៃផ្ទះល្វែងបានធ្លាក់ចុះ ព្រោះមិនអាចលក់ចេញតាមការគ្រោងទុក ដែលជាហេតុធ្វើឲ្យអ្នកមាន និងអ្នករកស៊ីក្នុងវិស័យនេះនាំគ្នាសម្រុកទិញយក ដើម្បទុកលក់យកចំណេញបន្តនៅពេលក្រោយ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូប បានអះអាងថា ទោះបីកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាបន្តិចមែន ប៉ុន្តែលំនៅដ្ឋាននៅតែអាចលក់បាន គ្រាន់តែតម្លៃអាចទាបជាងមុនពេលកូវីដ១៩ បន្តិច ហើយប្រជាពលរដ្ឋកម្ពុជានៅតែអាចមានលទ្ធភាពទិញបានដដែល។

គម្រោងផ្ទះល្វែង (ប្រភព៖ FB)

មិនតែប៉ុណ្ណោះ អ្នកដែលមានលុយច្រើន និងអ្នកដែលរកស៊ីក្នុងវិស័យនេះ ពួកគាត់មើលឃើញពីឱកាសដែលនឹងផ្ដល់មកវិញនាពេលខាងមុខ អាចថា ១ឆ្នាំ ឬ ២ឆ្នាំទៅមុខទៀត នៅពេលដែលកូវីដ១៩ ត្រូវបានបញ្ចប់ហើយស្ថានភាពវិលមករកភាពដើមវិញ នោះពួកគាត់នឹងអាចលក់ចេញវិញក្នុងតម្លៃលើសនេះ។

គម្រោងផ្ទះល្វែង (ប្រភព៖ Google)

សូមជម្រាបផងដែរថា មួយរយៈចុងក្រោយនេះ អ្នកជំនាញ និងអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាច្រើន បានលើកឡើងស្រដៀងគ្នាថា វិស័យអចលនទ្រព្យនៅកម្ពុជាមិនរងផលប៉ះពាល់ខ្លាំងពេកទេក្នុងកំឡុងពេលកូវីដ១៩ នេះ គ្រាន់តែកំណើនមានទាបជាងឆ្នាំមុន ប៉ុន្តែនូវតែមានភាពវិជ្ជមានដដែល។

អត្ថបទដោយ៖ Nevin

Related Articles