We TV Cambodia

វិធីសាស្ត្រ ៣យ៉ាង ជួយកាត់បន្ថយការញៀនហ្គេម

វិធីសាស្ត្រ ៣យ៉ាង ជួយកាត់បន្ថយការញៀនហ្គេម
រូបតំណាង (ប្រភព៖ internet)

បច្ចុប្បន្នមានមនុស្សជាច្រើនកំពុងងុបងល់ខ្លាំងនឹងការលេងហ្គេមមិនថាក្មេង ចាស់ ឬវ័យជំទង់នោះទេ ដោយយើងអាចឃើញនៅគ្រប់ទីកន្លែង ពិសេសគឺហាងកាហ្វេតែម្ដង។ ការលេងហ្គេមមិនមែនសុទ្ធតែអាក្រក់នោះទេ បើអ្នកអាចទាញប្រយោជន៍ពីវាបាន ឬគ្រាន់តែលេងត្រឹមបំបាត់ស្ត្រេសជាដើម។ ផ្ទុយទៅវិញ អ្នកខ្លះបានចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃៗទៅលើហ្គេម ទាំងដែលមិនបានប្រយោជន៍អ្វីសោះពីវា ហើយនេះបង្ហាញថា អ្នកកំពុងតែញៀននឹងការលេងហ្គេមហើយ។

រូបតំណាង (ប្រភព៖ internet)

សម្រាប់អ្នកដែលចង់បញ្ឈប់ការញៀនលេងហ្គេម តែមិនដឹងប្រើវិធិសាស្រ្តណា ថ្ងៃនេះ We TV Cambodia នឹងប្រាប់វិធិសាស្ត្រ ៣យ៉ាងដែលជួយឲ្យអ្នកឈប់ញៀនហ្គេមតទៅទៀតបាន៖

រូបតំណាង (ប្រភព៖ internet)

១, ផ្ដោតលើអ្វីដែលអ្នកស្រលាញ់ជាងហ្គេម៖ ជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែមានអ្វីមួយដែលខ្លួនស្រលាញ់ ហើយស្រលាញ់ជាងហ្គេមទៅទៀត ដោយអ្នកអាចស្វែងរកវា និងចាប់ផ្ដើមធ្វើវាបន្តិចម្ដងៗរាល់ថ្ងៃ យូរៗទៅអ្នកនឹងរីករាយក្នុងការធ្វើវាជាងការលេងហ្គេម។ ចុងក្រោយអ្នកនឹងបោះបង់ហ្គេមចោល ហើយរត់ទៅធ្វើរឿងនោះវិញជាមិនខាន ប៉ុន្តែត្រូវចាំថា រឿងដែលអ្នកធ្វើនោះវាផ្ដល់ប្រយោជន៍ដល់អ្នកជាងការលេងហ្គេម។

រូបតំណាង (ប្រភព៖ internet)

២, ប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដែលមិនញៀនហ្គេម៖ ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ មិនមែនជារឿងល្អប៉ុន្មាននោះទេ ប៉ុន្តែបើអ្នកជាអ្នកមនុស្សកំពុងញៀននឹងហ្គេម អ្នកគួរយកអ្នកដទៃដែលមិនញៀនហ្គេម និងមានការអភិវឌ្ឍន៍ខ្លួនល្អ មកប្រៀបធៀបជាមួយខ្លួនអ្នក នោះអ្នកនឹងដឹងថា ផ្លូវដែលអ្នកដើរវាជួយឲ្យអ្នករីកចម្រើន ឬនាំឲ្យអ្នកអន់ថយ (ប្រៀបធៀបដើម្បីការអភិវឌ្ឍ កុំប្រៀបធៀបដើម្បីបំបាក់ទឹកចិត្តខ្លួនឯង)។

រូបតំណាង (ប្រភព៖ internet)

៣, ធ្វើខ្លួនឲ្យរវល់៖ អ្នកដែលញៀននឹងហ្គេមច្រើន ច្បាស់ជាមិនសូវធ្វើការងារប្រចាំថ្ងៃច្រើនទេ ប៉ុន្តែមិនមែនមានន័យថា អ្នកគ្មានការងារដែលត្រូវធ្វើនោះទេ​ តែមកពីអ្នកតែងតែព្យាយាមគេចវេស និងយកលេស ធ្វើយ៉ាងណាឲ្យតែបានលេងហ្គេម។ ប៉ុន្តែចាប់ពីពេលនេះទៅអ្នកត្រូវធ្វើខ្លួនឲ្យរវល់ ដោយបង្កើតការងារសម្រាប់ខ្លួនឯងឲ្យបានច្រើនដូចជា៖ អានសៀវភៅ, ធ្វើកិច្ចការសាលា, រៀនជំនាញថ្មីៗ, រៀបចំផ្ទះ, បន្ទប់គេង,​ បោកសម្លៀកបំពាក់ និងការងារផ្សេងៗទៀត ធ្វើយ៉ាងណាកុំឲ្យសល់ពេលទំនេរច្រើនពេក នោះអ្នកនឹងគ្មានពេលលេងហ្គេមទៀតទេ។

អត្ថបទដោយ៖ Nevin

Related Articles