We TV Cambodia

វិធីដើម្បី​បំភ្លេច​មនុស្ស​ម្នាក់​ចេញ​ពី​បេះដូង

វិធីដើម្បី​បំភ្លេច​មនុស្ស​ម្នាក់​ចេញ​ពី​បេះដូង

មាន​មនុស្ស​មិន​តិច​ទេ ដែល​​ជួប​​ការខក​បំណង​ក្នុង​រឿង​ស្នេហា។ អ្នក​ខ្លះ​ស្រលាញ់​គ្នា​​ខ្លាំង​ ​ស្រាប់​តែ​ថ្ងៃ​មួយ​គូ​ស្នេហ៍​ប្រាប់​​ថា​ គេ​ជិត​រៀប​ការ​ហើយ ព្រោះ​ម្ដាយ​ជា​អ្នក​រៀប​ចំ។ អ្នក​ខ្លះ​ទៀត​ ស្រលាញ់​គ្នា​រាប់​ឆ្នាំ ប៉ុន្តែ​បាន​ត្រឹម​តែ​សង្សារ​ ព្រោះ​តែ​ជីវភាព​គ្រួសារ​ ខ្សត់​ខ្សោយ​ត្រូវ​ខិត​ខំ​រក​លុយ ។ យ៉ាង​ណា​មិញ រឿង​វិបត្តិ​ស្នេហា​មាន​ច្រើន​ណាស់​មិន​អាច​រៀប​រាប់​អស់​ទេ មាន​ទាំង​ការ​ផិត​ក្បត់ សារភាព​ស្នេហ៍​តែ​គេ​មិន​ស្រលាញ់ -ល-។ ស្នេហា​ មិន​មែន​មនុស្ស​គ្រប់​គ្នា តែងតែ​ទទួល​បាន​ភាព​ជោគ​ជ័យ​ ឬ​អាច​រស់​នៅ​ជាមួយ​នឹង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​រហូត​នោះ​ទេ។ ដូច្នេះ​ តើ​មាន​វិធីសាស្ត្រ​អ្វី​ខ្លះ ដើម្បីបំភ្លេចមនុស្សម្នាក់នេះ?

១. ​ឈប់​ជួប​មុខ​គេ៖ អ្នក​មិន​អាច​បំភ្លេច​​គេ​​បាន​ទេ បើ​អ្នក​នៅ​តែ​ជួប​ និង​ឃើញ​ពី​សកម្មភាព ឬ​ទង្វើ​របស់​គេ​ទៀត។

២. លុប​​អ្វី​ៗ​​របស់​គេ ចេញ​ពី​ទូរសព្ទ​ដៃ ឬ​កុំព្យូទ័រ​ទាំង​អស់៖ អ្នក​ត្រូវ​តែ​លុប​លេខ​ទូរសព្ទ ​និង E-mailលុប​រូប​ថត និង Block គេ​​នៅ​លើ​ Facebook, Twitter, Instagram ​និង​អ្វី​ផ្សេងៗ​ទៀត ទាក់​ទង​នឹង​គ្រឿង​អេឡិចត្រូនិក។

៣. ​ប្រាប់​ដល់​មិត្តភ័ក្ដិ​អ្នក​ ឲ្យ​ឈប់​រំឭក​ពី​គេ៖ ប្រាប់​ដល់​មិត្តភ័ក្ដិ​របស់​អ្នក​ ដែល​ធ្លាប់​ស្គាល់​គេ ឬ​ដឹង​រឿង​រ៉ាវ​ពី​គេ​នោះ ឈប់​និយាយ​ពី​គេ​ទៀត ព្រោះ​បើ​អ្នក​លឺ​ឈ្មោះ​របស់​គេ អ្នក​នឹង​អាច​នឹក​ដល់​គេ​វិញ។

៤. ​បោះ​ចោល​វត្ថុ​អនុស្សាវរីយ៍​ទាំង​អស់៖ រាល់​វត្ថុ​អនុស្សាវរីយ៍​ ដែល​គេ​ធ្លាប់​ជូន អ្នក​ត្រូវ​តែ​បោះ​ចោល​​ ព្រោះ​បើ​អ្នក​ទុក​ អ្នក​ឃើញ​វា អ្នក​នឹង​នៅ​តែ​ឈឺចាប់។

៥. កុំ​ចង់​បញ្ឈឺ​គេ​វិញ៖ អ្នក​មិន​អាច​ចង់​ធ្វើ​គេ​ប្រច័ណ្ឌ​នឹង​អ្នក ដោយ​​អ្នក​យក​អ្នក​ផ្សេង​ទៅ​បញ្ឈឺ​មុខ​គេ នោះ​ទេ ព្រោះ​បើ​អ្នក​ធ្វើ​ដូច​នោះ មាន​ន័យ​ថា​អ្នក​នៅ​តែ​ស្រលាញ់​គេ និង​មិន​អាច​បំភ្លេច​គេ​ដដែល។

៦. ធ្វើ​ខ្លួន​ឲ្យ​រវល់៖ អ្នក​អាច​​យក​ពេល​វេលា​ទៅ​សិក្សា​ ​ឬ​ទៅ​ធ្វើ​​ការងារ​នានា ដើម្បី​កុំ​ឲ្យ​ទំនេរ​ ព្រោះ​បើ​អ្នក​រវល់​ យ៉ាង​ហោច​ណាស់​ ក៏​ជួយ​កាត់​បន្ថយ​ការ​នឹក​បាន​ខ្លះៗ។

 

៧. កុំ​ស្ដាប់​ចម្រៀង ​ឬ​មើល​រឿង​មនោសញ្ចេតនា៖ ព្រោះ​តែ​គេ​ គឺជា​តួឯក​របស់​អ្នក​ នៅ​ពេល​ដែល​អ្នក​ស្ដាប់​ចម្រៀង ឬ​មើល​រឿង​មនោសញ្ចេតនា អ្នក​នឹង​នឹក​ដល់​គេ​មុន​គេ ដូច្នេះ​អ្នក​ត្រូវ​តែ​ជៀស​វាង។

៨. ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង៖ អ្នក​ត្រូវ​តែ​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ព្យាយាម​សិក្សា និង​ខិត​ខំ​ធ្វើ​ការ​បន្ត​ ដើម្បី​អនាគត​របស់​អ្នក​​បន្ត​ទៀត​។

​​​​៩. នាំ​យក​ការ​សប្បាយ​មក​វិញ៖ អ្នក​ត្រូវ​តែ​​បង្កើត​សកម្មភាព​រីករាយ​ឡើង​វិញ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​ស្នាម​ញញឹម​ជា​ថ្មី។ ឧទាហរណ៍​ដូចជា៖ ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត លេង​សី លេង​បាល់ទាត់ ថតរូប រត់​ហាត់​ប្រាណ ញ៉ាំ​អាហារ​ឆ្ងាញ់ៗ ​ជួបជុំ​គ្រួសារ ឬ​មិត្តភ័ក្ដិ -ល-។

Related Articles