We TV Cambodia

វាសនាក្មេង ២នាក់ ត្រូវបានផ្លាស់ប្ដូរដោយសាររូបភាពប៉ុន្មានសន្លឹក

វាសនាក្មេង ២នាក់ ត្រូវបានផ្លាស់ប្ដូរដោយសាររូបភាពប៉ុន្មានសន្លឹក

មនុស្សគ្រប់គ្នាកើតមកមានវាសនាមិនដូចគ្នាទេ អ្នកខ្លះកើតមកក្នុងគ្រួសារអ្នកមាន ហើយអ្នកខ្លះកើតមកក្នុងគ្រួសារក្រីក្រ ខ្វះការហូបចុក និងការរៀនសូត្រជាដើម។ ប៉ុន្តែ វាសនាមនុស្សមិនទៀងនោះទេ ជួនកាលរឿងនឹកស្មានមិនដល់ក៏អាចកើតឡើង និងផ្លាស់ប្ដូរជីវិតក្នុងពេលមួយប៉ព្រិចភ្នែកផងដែរ។

ជាក់ស្ដែងកុមារ ២រូប បានផ្លាស់ប្ដូរវាសនាមួយរំពេចន៍ ដោយសារតែរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានគេថត រួចបង្ហោះលើបណ្ដាញសង្គម ហើយត្រូវបានសប្បុរសជនជាច្រើនជួយឲ្យទទួលបានការសិក្សា និងមានអនាគតល្អផងដែរ។

១, កុមារា ពេជ្រ ធារ៉ា ដែលត្រូវបានអ្នកថតរូបម្នាក់បង្ហោះរូបប៉ុន្មានសន្លឹកពីសកម្មភាព ដែលកុមារារូបនេះចូលរួមកម្មវិធីប្រណាំងកង់មួយក្នុងរាជធានីភ្នំពេញ ហើយចំណុចដែលធ្វើឲ្យកុមារា ធារ៉ា ទទួលបានការចាប់អារម្មណ៍នោះគឺ រូបគេបានយកកង់កញ្ចាស់មួយដែលទិញក្នុងតម្លៃត្រឹមតែ ២ម៉ឺនរៀលប៉ុណ្ណោះ ទៅចូលរួមការប្រកួតប្រណាំងកង់ដោយភាពក្លាហាន និងការតស៊ូជាទីបំផុត ហើយស្ទើរតែទទួលបានលេខ១ ថែមទៀតផង។ បន្ទាប់ពីការបង្ហោះរូបប៉ុន្មានថ្ងៃ ធារ៉ា ក៏ទទួលបានឱកាសដ៏ធំមួយគឺ អាហារូបករណ៍រៀននៅសាលាអន្តរជាតិ ប៊ែលធី ពីសំណាក់បណ្ឌិត លី ឆេង អគ្គនាយកសាលាប៊ែលធី ដោយគេអាចរៀនដោយឥតគិតថ្លៃរហូតចប់ថ្នាក់ទី១២ ឯណោះ។

២, កុមារី យ៉ង ស្រីនីត ជាអ្នករស់នៅភូមិភាគ​ឦសាន​ ខេត្តមណ្ឌលគិរី ហើយប្អូនស្រីត្រូវបានអ្នកថតរូបម្នាក់ បង្ហោះរូបប៉ុន្មានសន្លឹកលើបណ្ដាញសង្គម ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណេត ដោយសារតែប្អូនស្រីមានសម្បុរខ្មៅ តែបង្កប់ដោយភាពស្រស់ស្អាត បូករួមទាំងមុខមាត់ដែលស្រដៀងនឹងតួរហូលីវ៉ូដផងដែរ។ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបង្ហោះ ប្អូនស្រីក៏ទទួលបានឱកាសធំផ្ទួនៗ ដោយត្រូវបាននាយពាក់មីយកមកថតរឿង និងមានសម្អាងការផ្សេងៗហៅប្អូនស្រីមកថតផ្សាយពាណិជ្ជកម្មឲ្យផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ប្អូនស្រីត្រូវបានឧកញ្ញាស្រី ចាន់ថន ឧបត្ថម្ភប្រាក់ និងសម្ភារៈជាច្រើន មិនតែប៉ុណ្ណោះ លោកក៏បានយកនាងចូលក្នុងផលិតកម្ម Jet Production របស់លោកផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles