ដោយ៖ស្រីពេជ្រ
ទីក្រុងប៉ារីស៖ វរសិល្បករព្រឹទ្ធចារ្យ ប៊ីវ ឆៃលាង ទទួលមរណភាពនៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង៥៥នាទី រំលងអាធ្រាត នាគេហដ្ឋានរបស់លោក ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។
ជាការសោកស្តាយរកអ្វីប្រៀបផ្ទឹមមិនបាន ដែលព្រឹទ្ធចារ្យរៀមច្បងដែលមានស្នាដៃកំពូលមួយរូបក្នុងវិស័យអក្សរសាស្រ្ត និងភាពយន្តខ្មែរ បានទទួលមរណភាពកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ កន្លងទៅ។ លោក ព្រឹទ្ធចារ្យ ប៊ីវ ឆៃលាង កើតនៅថ្ងៃ៤ ខែតុលា ឆ្នាំ១៩៣០ ក្នុងភូមិជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នេះបើតាម «ក្រុមព្រះសុរិយា»លោក ប៊ីវ ឆៃលាង មិនត្រឹមតែជាកវីកំពូលមួយរូបនោះទេ លោកក៏ជាផលិតករភាពយន្តដ៏ឆ្នើមមួយរូបផងដែរ ដោយលោកបានបំរើវិស័យសិល្បៈភាពយន្តខ្មែររវាងពីឆ្នាំ១៩៦០-១៩៧៥ ក្នុងនាមលោកជាចាងហ្វាងផលិតកម្មឥន្រ្ទទេវី និងអ្នកដឹកនាំខ្សែភាពយន្តផង។ស្នាដៃភាពយន្តជាច្រើនរបស់លោកសុទ្ធសឹងតែមានឈ្មោះល្បីល្បាញពេញប្រទេសកម្ពុជានិងនៅបរទេសយ៉ាងច្រើនអស្ចារ្យ ហើយខ្សែភាពយន្តទាំងនោះនៅតែដកជាប់ក្នុងចិត្តប្រជាទស្សនិកជនគ្រប់រូបដោយមានជាអាទិ៍ដូចជា ៖ រឿង កងកម្មកងកែវ , កាកី , នាងសក់ក្រអូប , ព្រះនាងពិម្ពាសរជាតិ , ទាវឯក ,ការកេត , កាលណាផ្ការីក , ព្រះមហាមោគ្គលាន ជាដើម៕
ប្រភព៖ ក្រុមព្រះសុរិយា