We TV Cambodia

ល្ងាចនេះបុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី ចូលធ្វើការវិញហើយ ក្រោយទទួលបានដំណោះស្រាយ ៣ចំណុច

ល្ងាចនេះបុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី ចូលធ្វើការវិញហើយ ក្រោយទទួលបានដំណោះស្រាយ ៣ចំណុច

រយៈពេលប្រមាណជិត ១សប្ដាហ៍មកនេះ ពោលគឺចាប់ពីថ្ងៃទី២ ខែតុលាមក បុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី បាននាំគ្នាធ្វើកូដកម្មឈប់ប្រមូលសំរាម ដែលបណ្ដាលឲ្យសំរាមនៅក្នុងរាជធានីភ្នំពេញគរចោលពាសពេញផ្លូវ និងបានបង្ករជាផលរំខានដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

ទោះជាយ៉ាងណា នៅថ្ងៃទី៧ ខែតុលានេះ បុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី បានយល់ព្រមចូលធ្វើការងារវិញនៅល្ងាចនេះ បន្ទាប់ពីមានការចរចារវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុន ស៊ិនទ្រី និងកម្មករ និយោជិត នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៧ ខែតុលានេះ។ ការចរចានេះដែរ ភាគីទាំងសងខាងបានព្រមព្រៀងគ្នានូវលក្ខខណ្ឌ ៣ចំណូចដូចខាងក្រោម៖

១, ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធានាខុសត្រូវ

២, ចំពោះការងាររបស់កម្មករនិយោជិតទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ិន ទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ

៣, សូមឲ្យកម្មករ និយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារជាធម្មតាវិញចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។

សូមជម្រាបថា ការធ្វើកូដកម្មមិនព្រមប្រមូលសំរាមរបស់បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រីនេះ គឺដោយសារមានករណីបើកប្រាក់ខែយឺតយ៉ាវសំរាប់ខែកញ្ញា ហើយកម្មករនិយោជិតទាមទារនូវចំណុចមួយចំនួនដូចជា ប្រាក់បំណាច់អតីតភាព និងប្រាក់ខែចុងក្រោយជាដើម ព្រោះថានៅពាក់កណ្ដាលខែតុលានេះ សាលារាជធានីភ្នំពេញនឹងធ្វើការដេញថ្លៃសាជាថ្មីដើម្បីជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។

អត្ថបទដោយ៖ Nevin

Related Articles