We TV Cambodia

លោក សែត ពិទួរ្យ កូនខ្មែរមួយរូបដែលនាំយីហាខ្មែរឲ្យល្បីលើឆាកអន្តរជាតិ

លោក សែត ពិទួរ្យ កូនខ្មែរមួយរូបដែលនាំយីហាខ្មែរឲ្យល្បីលើឆាកអន្តរជាតិ

បើនិយាយពីយីហោនាឡិកាខ្មែរ ដែលមានភាពល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ លោកអ្នកប្រាកដជាស្គាល់នោះគឺ នាឡិកាដៃម៉ាក «ពូ» ហើយអ្នកដែលនៅពីក្រោយភាពជោគជ័យនៃយីហោមួយនេះគឺលោក សែត ពិទួរ្យ ដែលបាននាំយីហោមួយនេះឲ្យល្បីដល់ទីផ្សារបរទេស។

យោងតាមបទសម្ភាសន៍ជាមួយ We TV Cambodia លោក សែត ពិទួរ្យ បានប្រាប់ឲ្យដឹងថា យីហានាឡិកាដៃម៉ាក «ពូ» ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គិតមកទល់ពេលនេះមានរយៈពេល ២ឆ្នាំមកហើយ។ មូលហេតុដែលលោកសម្រេចបង្កើតយីហោនេះឡើង ដោយសារតែពេលកន្លងមកមនុស្សជាច្រើនតែងគិតថា ផលិតផលដែលផលិតនៅក្នុងស្រុកភាគច្រើនមិនសូវមានគុណភាពនោះទេ ហើយក្នុងនាមលោកជាកូនខ្មែរមួយរូប និងជាអ្នកដែលនិយមនាឡិកាផងនោះ លោកចង់បង្កើតផលិតផលមួយ ដែលជាស្នាដៃរបស់កូនខ្មែរ និងមានគុណភាពខ្ពស់ ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងបរទេស។

លោក ពិទួរ្យ បញ្ជាក់ទៀតថា នាឡិកាដៃម៉ាក «ពូ» គឺមានការគាំទ្រខ្លាំងពីអតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក ដោយសារតែវាមានគុណភាពល្អខ្លាំងស្ទើរតែល្អជាងផលិតផលរបស់បរទេសមួយចំនួនទៀតផង ព្រោះថា នាឡិកាដៃម៉ាក «ពូ» នេះ ត្រូវបានដាក់នូវផ្លាកទីនសុទ្ធនៅខាងក្នុងធ្វើជាទ្រនិច និងលេខ។ មិនតែប៉ុណ្ណោះ សូម្បីតែខ្សែ តួររបស់នាឡិកា និងប្រអប់ក៏ធ្វើឡើងពីឈើមកដែរ ដែលវាជាការច្នៃប្រឌិតដ៏ល្អឥតខ្ចោះមួយធ្វើឲ្យអតិថិជនចាប់អារម្មណ៍ខ្លាំង។

សូមជម្រាបថា នាឡិកាដៃម៉ាក «ពូ» ត្រូវបានក្រុមហ៊ុនមួយក្នុងទីក្រុងឌូបៃបានទិញយកផ្ដាច់មុខនូវម៉ូឌែល PU International ដែលនាឡិកាប្រភេទនេះ គឺផលិតឡើងសម្រាប់តែលក់នៅឌូបៃតែប៉ុណ្ណោះ។ ក្រៅពីនេះ នាឡិកាដៃម៉ាក «ពូ» ប្រភេទផ្សេងទៀតក៏មានលក់ក្នុងប្រទេសមួយចំនួនទៀតផងដែររូមមាន ប្រទេសជប៉ុន, កូរ៉េខាងត្បូង, អាមេរិក, អូស្ត្រាលី និងបណ្ដាប្រទេសមួយចំនួនទៀត។

អត្ថបទដោយ៖ Nevin

Related Articles