We TV Cambodia

លោក សេង ហុកលី បោះបង់ប្រាក់ខែជិត ២ពាន់ដុល្លាររត់តាមក្ដីស្រមៃមកបង្កើតយីហោ ««ដូនតា»

លោក សេង ហុកលី បោះបង់ប្រាក់ខែជិត ២ពាន់ដុល្លាររត់តាមក្ដីស្រមៃមកបង្កើតយីហោ ««ដូនតា»

បច្ចុប្បន្ននេះប្រជាជនកម្ពុជាជាច្រើនបានចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតពីការធ្វើការងារឲ្យគេ មកជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនវិញ ទោះបីជាការងារដែលខ្លួនកំពុងធ្វើទទួលបានប្រាក់ខែច្រើនក៏ដោយ ព្រោះពួកគេចង់ធ្វើនូវអ្វីដែលខ្លួនស្រលាញ់ និងជាក្ដីស្រមៃដែលមានតាំងពីមុនមក។

ជាក់ស្ដែងលោក សេង ហុកលី ម្ចាស់យីហោ «នំដូនតា» បានប្រាប់ We TV Cambodia ថា ដំបូងឡើយលោកជាពលករដែលធ្វើការនៅប្រទេសកូរ៉េជំនាញបណ្ដុះសណ្ដែក ហើយប្រាក់ខែដែលលោកទទួលបានគឺចន្លោះពី ១,៥០០ដុល្លារ ទៅ ២,០០០ដុល្លារឯណោះ ប៉ុន្តែលោកសុខចិត្តបោះបង់ប្រាក់ខែទាំងនោះចោល ហើយក្ដីស្រមៃរបស់លោកមកបង្កើតអាជីវកម្មនៅស្រុកខ្មែរវិញ។

លោក ហុកលី បានបន្តទៀតថា មានមនុស្សជាច្រើនសួរថា លោកមានជំនាញខាងបណ្ដុះសណ្ដែករហូតដល់ ៥ឆ្នាំ ហេតុអ្វីមិនប្រើជំនាញនោះដើម្បីបង្កើតអាជីវកម្ម ប៉ុន្តេបែរជាមកបើកអាជីវកម្មផលិតនំខ្មែរនេះទៅវិញ។ ជាមួយគ្នានេះ លោកក៏បានប្រាប់ឲ្យដឹងថា មូលហេតុសំខាន់ដែលលោកសម្រេចចិត្តមកបង្កើតយីហោផលិតនំខ្មែរនេះគឺ ដោយសារលោកស្រលាញ់នំខ្មែរ ចង់លើកតម្កើងនំខ្មែរ និងចង់ឲ្យនំខ្មែរមានយីហោច្បាស់លាស់ ដែលអាចប្រកួតប្រជែងជាមួយនំបរទេសបាន។

ស្ថាបនិកហាងនំ «ដូនតា» រូបនេះ សង្កត់ធ្ងន់ថា គិតមកទល់ពេលនេះ អាជីវកម្មរបស់លោកមិនទាន់ទទួលចំណូលបានធំដុំនៅឡើយនោះទេ ហើយលោកក៏មិនមានការសោកស្ដាយចំពោះការបោះបង់ប្រាក់ខែជិត ២ពាន់ដុល្លារ រួមមកបើកយីហោនំដូនតានេះដែរ ព្រោះនេះជាអ្វីដែលលោកស្រលាញ់ និងចង់ធ្វើ ហើយលោកនឹងបន្តខិតខំអភិវឌ្ឍន៍អាជីវកម្មមួយនេះបន្ថែមទៀត។

អត្ថបទដោយ៖ Nevin

Related Articles