លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោត កាលពីពេលថ្មីៗនេះ នឹងទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ជាសាធារណៈនៅសប្តាហ៍ក្រោយនេះ ដើម្បីលើកកម្ពស់ទំនុកចិត្តសាធារណៈទៅលើសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer និង BioNTech ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺដ៏សាហាវនេះ។
ស្របគ្នានេះដែរ អនុប្រធានាធិបតីក្នុងអាណត្តិលោក ត្រាំ គឺលោក Mike Pence ក៏នឹងទទួលបានវ៉ាក់សាំងក្នុងថ្ងៃសុក្រសប្តាហ៍នេះផងដែរ និងក្នុងហេតុផលដូចគ្នា គឺដើម្បីលើកទឹកចិត្តដល់ប្រជាជនអាមេរិកឱ្យមានទំនុកចិត្តក្នុងការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំងកំពុងតែបន្តចែកចាយយកទៅប្រើប្រាស់ចំពោះបុគ្គលិកជួរមុខ បុគ្គលិកពេទ្យ និងប្រជាជនវ័យចំណាស់ បានជិត ៣លានដូសហើយគិតត្រឹមសប្តាហ៍នេះ និងបន្តផ្តល់ជូនប្រជាជនទាំងអស់ពេញផ្ទៃប្រទេសនាពេលឆាប់ៗ។
សូមជម្រាបផងដែរថា គិតមកទល់ពេលនេះ អាមេរិកមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១៧,៣៩៤,៣១៤ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣១៤,៦២៩ ករណី និងជាសះស្បើយសរុបចំនួន ១០,១៧០,៧៨៨ ករណី។
អត្ថបទដោយ៖ ពិសី
