
ដោយៈ ទិន សុខាវុធ
ឯកឧត្តម គួច ចំរើន អភិបាលថ្មីនៃខេត្តព្រះសីហនុ បានប្រមានបិទក្រុមហ៊ុនធានារ៉ាបរង កាំមីនកូ បើសិនជារកឃើញថាក្រុមហ៊ុននេះ ប្រព្រឹត្តអំពើខុសឆ្គងមិនសងប្រាក់ទៅជនរងគ្រោះ ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបណ្តាលអោយមនុស្សស្លាប់។
យោងតាមគេហទំព័ររបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ លោកអភិបាលខេត្តបានកោះហៅភាគីពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នេះ មករួមប្រជុំនៅសាលាខេត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាប្រាក់សំណងសំរាប់គ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។
នៅក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន បានលើកឡើងពីភាពយឺតយ៉ាវរបស់ក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ ក្នុងការផ្តល់សំណងជាទឹកប្រាក់ចំនួន $10,000 ដុល្លារ ដល់ជនរងគ្រោះ។ លោកបានប្រមានថា បើសិនជាត្រូវរកឃើញថា ក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ មានកាតព្វកិច្ចនៅចំពោះមុខច្បាប់ ត្រូវប្រគល់ប្រាក់សំណងចំនួន $10,000 ដុល្លារនេះ ដល់ជនរងគ្រោះ លោកនឹងធ្វើសំណើរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបិទក្រុមហ៊ុនធានារ៉ាបរងនេះចោលភ្លាម។
ទំព័រ Facebook របស់សាលាខេត្តព្រះសីហនុ បានអោយដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានបង្កឡើងដោយក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ង់ SCG កាលពីថ្ងៃ ២ ខែ មិថុនា ឆ្នាំ ២០១៩ ដែលបានបណ្តាលអោយគ្រូបង្រៀនម្នាក់ឈ្មោះ ជា ស៊ីវ៉ាន ភេទប្រុស ត្រូវបាត់បង់ជីវិតនៅនឹងកន្លែង។
ដោយេហេតុថា ក្រុមហ៊ុន SCG បានទិញការធានារ៉ាប់រងពីក្រុមហ៊ុន កាំមីនកូ ដូចនេះក្រុមហ៊ុន SCG បានសុំអោយក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ ប្រគល់ប្រាក់ចំនួន $10,000 ដុល្លារនេះដល់គ្រួសារជនរងគ្រោះ។
ក៏ប៉ុន្តែ ក្រុមហ៊ុន កាំមីនកូ បានបដិសេដមិនព្រមប្រគល់ចំនួនទឹកប្រាក់ $10,000 នេះអោយគ្រួសារជនរងគ្រោះឡើយ ដោយបានលើកឡើងថា ក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ង់ SCG មិនបានគោរពតាមកិច្ចសន្យានៃការទិញការធានារ៉ាប់រងរបស់ខ្លួន។
ទាក់ទងនឹងរឿងនេះ លោកអភិបាលខេត្ត បានលើកឡើងថា ភាពយឺតយ៉ាវរបស់ក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ ក្នុងការប្រគល់ប្រាក់សំណងអោយទៅជនរងគ្រោះ កាន់តែបង្កើតអោយមានភាពអយុត្តិធម៌សំរា់បជនរងគ្រោះ កាន់តែធ្ងន់ធ្ងរឡើង។
យ៉ាងណាម៉ិញ នៅក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមាននៃតំណាងតុលាការខេត្ត នគរបាលចរាចរណ៍ នគរបាលសន្តិសុខ ចូលរួមផងដែរ៕
