មនុស្សគ្រប់រូបតែងតែមានទេព្យកោសល្យអ្វីមួយក្នុងខ្លួនតាំងពីកំណើតមកម្លេះ ដូចជាការច្រៀង ការថតរូប ការសម្ដែង និងការគូរគំនូរជាដើម ដែលធ្វើឲ្យពួកគេមានភាពវ័យឆ្លាតក្នុងការរៀនសូត្រ និងអនុវត្តន៍ជំនាញនោះបានយ៉ាងពិសេសបំផុត ហើយពិបាកនឹងមានអ្នកដែលអាចធ្វើបានដូចណាស់។
ប៉ុន្តែមានមនុស្សមួយចំនួនបានសម្រេចចិត្តរៀនជំនាញមួយផ្សេង ដែលមិនមែនជាទេព្យកោសល្យរបស់ខ្លួន ដោយសារតែកត្តាគ្រួសារ កត្តាជីវភាព ឬកត្តាផ្សេងៗទៀត ដែលធ្វើឲ្យពួកគេមិនអាចបញ្ចេញសមត្ថភាពពិសេសរបស់ខ្លួនបាន និងអាចឈានដ៏ការបរាជ័យក្នុងជីវិតថែមទៀតផង។
ទោះជាយ៉ាងណា ក៏មានមនុស្សមួយចំនួនបានសម្រេចចិត្តបោះបង់ជំនាញដែលខ្លួនបានរៀន និងការងារដែលបានធ្វើអស់រយៈពេលជាច្រើនឆ្នាំចោល ហើយត្រឡប់ទៅរកការងារដែលខ្លួនស្រលាញ់ និងទេព្យកោលស្យរបស់ខ្លួនវិញ រហូតអាចសម្រេចក្ដីស្រមៃ និងទទួលបានជោគជ័យក្នុងអាជីពដែលខ្លួនឯងស្រលាញ់ផងដែរ។
ជាក់ស្ដែង លោកទាង បូរិន អ្នកជំនាញគូរគំនូរអត់មុខ បានសម្រេចបោះបង់អាជីពជាអ្នកគូរប្លង់ដែលលោកបានចំណាយពេលរៀន និងបម្រើការងារក្នុងអាជីពនេះអស់រយៈពេលជិត ១០ឆ្នាំ ដើម្បីដើរតាមទេព្យកោសល្យរបស់លោកដែលស្រលាញ់ខាងគំនូរតាំងពីក្មេងមក។ រហូតមកដល់ពេលនេះ លោកបានសម្រេចក្ដីស្រមៃរបស់លោក ដោយបានបើកដំណើរការវិចិត្រសាលមួយក្នុងរាជធានីភ្នំពេញ និងបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោកទាង បូរិន ជាមួយ We TV Cambodia
អត្ថបទដោយ៖ Nevin