អត្ថបទ៖រដ្ឋ ស្រីពេជ្រ
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា នាពេលនេះក្រសួងនឹងដាក់រូបក្នុងសេចក្ដីប្រកាសតែក្នុងករណីស្វែងរកអ្នកដែលពាក់ព័ន្ធ និងសង្ស័យថាមានកូវីដតែប៉ុណ្ណោះ ចំណែកឯរូបអ្នកដែលមានវិជ្ជមានកូវីដក្រសួងនឹងមិនបន្តដាក់ពេលចេញសេចក្ដីប្រកាសទៀតទេ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ នាព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០២០។
តាមរយៈប្រសាសន៍របស់លោកជំទាវ បានឱ្យដឹងថា ការដាក់រូបថតតែពេលដែលសកម្មក្នុងការរុករក។ តែពេលនេះ មិនមានតម្រូវការដាក់ទៀតទេ ដោយក្រសួងគោរពសិទ្ធិរបស់បុគ្គលដែលមានវិជ្ជមានកូវីដ១៩។
លោកជំទាវបន្តថា នាពេលនេះគឺដាក់ត្រឹមឈ្មោះសិន នៅពេលដែលក្រសួងគ្រប់គ្រងបានទាំងស្រុងហើយ នឹងត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀតផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានលើកឡើងពីសេចក្តីថ្លៃថ្នូ និងសិទ្ធិរបស់បុគ្គល ព្រោះគ្មាននរណាម្នាក់ចង់ឲ្យមានការឆ្លងនោះឡើយ។ អ្វីដែលសំខាន់នោះ គឺយើងត្រូវតែបន្ទការប្រុងប្រយ័ត្នថែមទៀត ក្រែងលោ វីរុសកូវីដ-១៩ នេះ វានៅចរាចរកន្លែងផ្សេងទៀតដែលយើងមិនទាន់បានដឹង ព្រោះពេលនេះ គឺជាការចម្លងក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយហានិភ័យខ្ពស់នៅឡើយ៕
