បើតាមការចុះផ្សាយពីក្រសួងពត៏មាន នៅថ្ងៃទៅ១០ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា ការធ្វើដូច្នេះគឺជាផ្នែកមួយនៃការគោរពសិទ្ធបុគ្គល ហើយការដាក់រូបថតនេះ គឺអំឡុងពេលនៃសកម្មភាពប្រតិបត្តិការរុករក។ លោកជំទាវវេជ្ជបណ្ឌិតបានបន្ថែមថា ៖ “យើងដាក់រូបថត នៅពេលដែលកំពុងរុករកប៉ុណ្ណោះ តែពេលនេះពុំត្រូវការទៀតទេ ដោយយើងត្រូវគោរពសិទ្ធិបុគ្គលផងដែរ ប៉ុន្តែក្នុងអំឡុងពេលនេះ គឺយើងត្រឹមដាក់ឈ្មោះសិន ហើយនៅពេលដែលយើងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នោះ ក្រសួងនឹងបន្តដកទាំងឈ្មោះអ្នកវិជ្ជមានផងដែរ”។ ក្នុងនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិតបានបន្ដថា គឺពុំមែនមានន័យថា ក្រសួងសុខាភិបាលគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នោះទេ ប៉ុន្តែគឺស្ថានភាពនៃការរកឃើញអ្នកវិជ្ជមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បច្ចុប្បន្ននេះ គឺមានការថមថយខ្លះៗហើយ។ ម្យ៉ាងវិញទៀត គឺត្រូវគោរពសិទ្ធិបុគ្គលផងដែរ ព្រោះថាពុំមាននរណាម្នាក់ចង់ឱ្យមានការឆ្លងមកលើខ្លួនឯង ឬចម្លងទៅអ្នកដទៃនោះទេ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏លោកជំទាវវេជ្ជបណ្ឌិតនៅតែទទូច សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះថាវីរុសនេះបានឆ្លងចូលទៅក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយក៏នៅមានហានិភ័យខ្ពស់នៅឡើយ។
អត្ថបទដោយៈ ពិសី
