We TV Cambodia

លោកង៉ែត ជូ៖ ៤ជំហានក្នុងការអនុវត្តធនាគារដីធ្លី «Land Banking» ដើម្បីឱ្យអ្នកអាចចូលនិវត្តន៍ក្នុងរយៈពេល១៥ឆ្នាំ

លោកង៉ែត ជូ៖ ៤ជំហានក្នុងការអនុវត្តធនាគារដីធ្លី «Land Banking» ដើម្បីឱ្យអ្នកអាចចូលនិវត្តន៍ក្នុងរយៈពេល១៥ឆ្នាំ
ដោយ៖ពេជ្រ

ភ្នំពេញ៖ អ្នកវិនិយោគធនាគារដីធ្លីសញ្ជាតិអាមេរិក លោក John Jacob Astor និងលោក Songsakdi បានប្រើប្រាស់យុទ្ធសាស្រ្តLand Banking វិនិយោគរយៈពេលវែងដោយផ្តោតលើដីធ្លីដែលមានសក្តានុពលខ្ពស់នៅតំបន់ជាយក្រុងបានជោគជ័យរហូតក្លាយជាមហាសេដ្ឋីអចលនទ្រព្យដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។

លោកង៉ែត ជូ បានឱ្យដឹងថា កម្ពុជាក៏ជាប្រទេសមួយដែលវិស័យដីធ្លីមានសក្តានុពលខ្លាំងដែរ លោកជឿជាក់ថាមនុស្សគ្រប់គ្នា ជាពិសេសប្អូនៗយុវជនអាចប្រើយុទ្ធសាស្រ្តនេះដើម្បីអាចចូលនិវត្តន៍បានដោយធ្វើការត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។

លោកបានលើកឧទាហរណ៍ថា ប្រសិនបើអ្នកមានអាយុ២៥ឆ្នាំ ហើយអ្នកសន្សំប្រាក់បាន១ខែ៥០០ដុល្លា ឬ៦០០០ដុល្លាក្នុង១ឆ្នាំៗដើម្បីវិនិយោគលើដីធ្លីដែលមានកំណើនតម្លៃ២០%ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែលអ្នកមានអាយុ៤០ឆ្នាំ) អ្នកអាចមានទ្រព្យសម្បត្តិប្រហែលកន្លះលានដុល្លា។ ទ្រព្យសប្បត្តិត្រឹមកន្លះលានដុល្លាមិនច្រើនទេ ប៉ុន្តែអាចអោយអ្នកចូលនិវត្តន៍បានប្រសិនបើអ្នកចេះរស់នៅក្នុងជីវិតសាមញ្ញ (ពោលគឺចំណាយតិច) ហើយចេះចាត់ចែងទ្រព្យទាំងនោះដើម្បីបន្តបង្កើនចំណូលឬជាទ្រព្យបន្ថែម។

 

ឧទាហរណ៍ខាងលើគ្រាន់តែជាករណីដ៏សាមញ្ញ១ម៉ុណ្ណោះ ជាក់ស្តែងប្រសិនបើអ្នកជាបុគ្គលដែលមានភាពអំណត់ ពូកែសន្សំឬប្រើប្រាស់ប្រភពទុនពីធនាគារ និងមានភាពវៃឆ្លាតខ្លាំងក្នុងការវិនិយោគ ក្នុងរយៈពេល១៥ឆ្នាំ អ្នកអាចសន្សំទ្រព្យបានរាប់លានដុល្លាតាមរយៈធនាគារដីធ្លី។

ដើម្បីសំរេចបាននូវលទ្ធផលខាងលើ អ្នកគប្បីអនុវត្តន៍នូវជំហានទាំង៤ខាងក្រោម៖

ជំហានទី១៖ គឺកសាងសមត្ថភាព (building skills)៖ អ្នកត្រូវរៀនសូត្រពីការវិនិយោគ និងរបៀបធ្វើធនាគារដីធ្លីពីបុគ្គលដែលមានបទពិសោធន៍ ស្វែងយល់ពីផ្លូវច្បាប់ ទីផ្សារ និងជំនាញដទៃទៀតដូចជាការចរចា។ល។ ជាពិសេសអ្នកគួរមានបុគ្គលដែលមានបទពិសោធន៍អនុវត្តផ្ទាល់ធ្វើជាអ្នកប្រឹក្សាយោបល់ (mentor) ដើម្បីជួយតំរង់ទិស និងផ្តល់យោបល់ដល់អ្នក។

ជំហានទី២៖ គឺធ្វើផែនការវិនិយោគ (planning)៖ អ្នកត្រូវប្រើពេលវេលារយៈពេលវែងរបស់អ្នកអោយមានប្រសិទ្ធិភាពខ្ពស់។ ក្នុង១ឆ្នាំៗតើអ្នកនឹងវិនិយោគដីធ្លីប៉ុន្មានកន្លែង? ទំហំដីប៉ុណ្ណា? នៅតំបន់ណា? ទំហំទុនវិនិយោគប៉ុណ្ណា? តើអ្នកបានប្រភពទុនពីណា? ក្នុង១ឆ្នាំៗ អ្នកត្រូវគេតំឡើងប្រាក់ខែប៉ុន្មានភាគរយដើម្បីបង្កើនលទ្ធភាពវិនិយោគ?

ជំហានទី៣៖ គឺ ការបង្កើនទ្រព្យ (wealth accumulation)៖ អ្នកចាប់ផ្តើមសិក្សាពីជំរើសនៃការវិនិយោគទៅតាមផែនការដែលបានគ្រោងទុក។ ជារៀងរាល់ឆ្នាំអ្នកអនុវត្តតាមផែនការ និងមានភាពបត់បែនខ្លះៗទៅតាមសភាពការណ៍ជាក់ស្តែង។ រួចអ្នករង់ចាំមើលការវិវត្តតាមរយៈភាពរីកចំរើននៃសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវ ទឹក ភ្លើង សំណង់លំនៅដ្ឋាន និងរោងចក្រជាដើម។ល។ កំណើនប្រជាជនចាប់ផ្តើមកើនឡើងខ្លាំង តំរូវការដីធ្លីក៏មានកាន់តែខ្លាំង រីឯតម្លៃក៏ឡើងតាមនោះដែរ។

ជំហានទី៤៖ គឺការបែងចែកទ្រព្យសម្បត្តិ (wealth distribution)៖ ប្រមាណ១៥ឆ្នាំក្រោយជាដំណាក់កាលដែលអ្នកប្រមូលផលពីការវិនិយោគលើធនាគារដីធ្លីប្រកបដោយចក្ខុវិស័យ។ អ្នកអាចលក់ដីធ្លីមួយចំនួនដើម្បីបង្កើតជាចំណូលប្រចាំខែ ឬលក់ដីធ្លីខ្លះទៀតយកទុនទៅវិនិយោគលើឃ្លាំងឬអាគារសំរាប់ជួល ឬវិនិយោគក្នុងក្រុមហ៊ុននានាយកភាគលាភប្រចាំឆ្នាំ (annual dividend) ដើម្បីចិញ្ចឹមគ្រួសារ និងរីករាយជាមួយជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។ សកម្មភាពវិនិយោគទាំងនេះសុទ្ធតែជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ចំណែកដីធ្លីខ្លះទៀតដែលនៅមានសក្តានុពលកើនតម្លៃខ្ពស់គួរបន្តរក្សាទុកជាការបង្កើនទ្រព្យ។

សូមបញ្ជាក់ថាអត្ថបទខាងលើគឺជាលទ្ធផលនៃការអនុវត្តជាក់ស្តែង ការសិក្សាស្រាវជ្រាវ និងការវិភាគទៅតាមបរិបទនៃទីផ្សារ និងសេដ្ឋកិច្ចកម្ពុជា។
ប្រភព៖ លោកង៉ែត ជូ 

 

Related Articles