We TV Cambodia

លោកង៉ែត ជូ៖ « អ្នកដែលស្នើរឱ្យមានការផ្អាកសងប្រាក់សម្រាប់អតិថិជនទាំងអស់» ត្រូវទទួលខុសត្រូវប្រសិនបើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដួលរលំ

លោកង៉ែត ជូ៖ « អ្នកដែលស្នើរឱ្យមានការផ្អាកសងប្រាក់សម្រាប់អតិថិជនទាំងអស់» ត្រូវទទួលខុសត្រូវប្រសិនបើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដួលរលំ

ដោយ៖ពេជ្រ

 

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច លោកង៉ែត ជូ បានលើកឡើងថា « អ្នកដែលស្នើរឱ្យមានការផ្អាកសងប្រាក់សម្រាប់អតិថិជនទាំងអស់» ត្រូវទទួលខុសត្រូវប្រសិនបើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដួលរលំ។ នេះបើតាមការលើកឡើងតាមរយៈហ្វេស ប៊ុកផ្ទាល់ខ្លួនរបស់ ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ។

លោកបានឱ្យដឹងថា ត្បិតតែសេដ្ឋកិច្ចមានវិបត្តិ មនុស្សមួយចំនួនមានចំណូលធ្លាក់ចុះឬបាត់បង់ចំណូលទាំងស្រុងក៏នៅមានមនុស្សជាច្រើនមានលទ្ធភាពសងបំណុលទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតាមប្រក្រតី។

លោកបន្តថា ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានអនុញ្ញាតអោយមានឥណទានរៀបចំឡើងវិញ (សងការប្រាក់ និងប្រាក់ដើមតាមលទ្ធភាពជាក់ស្តែងរបស់អតិថិជន) ដល់អតិថិជនជាង១៥ម៉ឺននាក់ដែលស្មើនឹងជិត៦%នៃចំនួនអតិថិជនសរុប២លាន៦សែននាក់។ ការអំពាវនាវអោយមានការផ្អាកបង់ប្រាក់សំរាប់អតិថិជនទាំងអស់មិនសមស្របតាមលក្ខណៈបច្ចេកទេស និងមិនមានវិជ្ជាជីវៈនោះទេ ព្រោះអាចធ្វើអោយមានវិបត្តិធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុ និងធនាគារ។

ទន្ទឹមនឹងនេះ បើទោះជាមានការស្នើសុំឱ្យមានឥណទានរៀបចំឡើងវិញកើនឡើងពី៦%ទៅ៥០% ក៏មិនគួរមានការផ្អាកបង់ប្រាក់សំរាប់អតិថិជនទាំងអស់ដែរព្រោះគ្រឹះស្ថានទាំងនោះត្រូវការចំណូលដើម្បីទ្រទ្រង់ចំណាយប្រតិបត្តិការ និងចំណាយថ្លៃដើមហិរញ្ញវត្ថុរាល់ខែ។

១) ចំណាយប្រតិបត្តិការរួមមាន៖ ប្រាក់ខែបុគ្គលិករាប់ម៉ឺននាក់ ការជួលការរិយាល័យ ចំណាយរដ្ឋបាលផ្សេង។ល។

២) ចំណាយហិរញ្ញវត្ថុរួមមាន៖ ការប្រាក់សំរាប់ម្ចាស់បំណុលបរទេស ចំណាយការប្រាក់សំរាប់ប្រាក់បញ្ញើ។ល។

បញ្ជាក់៖ អតិថិជនដែលមិនមានលទ្ធភាពសងអាចសុំអោយមានការរៀបចំឥណទានឡើងវិញ។ ពុំមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាហ៊ានប្តឹងលក់ឡៃឡុងឬរឹបអូសទ្រព្យធានានោះទេព្រោះជាការផ្ទុយនឹងបទបញ្ជាររបស់ធនាគារជាតិនៃកម្ពុជាដែលជានិយ័តករ។

ប្រភព៖ លោកង៉ែត ជូ

 

Related Articles