We TV Cambodia

លោកង៉ែត ជូ៖ «ដើមទុន៣ប្រភេទ»មនុស្សស្ទើតែគ្រប់រូបសុទ្ធតែមានដើមទុន មិនមែនបាតដៃទទេនោះទេ

លោកង៉ែត ជូ៖ «ដើមទុន៣ប្រភេទ»មនុស្សស្ទើតែគ្រប់រូបសុទ្ធតែមានដើមទុន មិនមែនបាតដៃទទេនោះទេ

ដោយ៖ពេជ្រ

ភ្នំពេញ៖ អ្នកជំនាញវិភាគសេដ្ឋកិច្ចឯករាជ្យ លោកង៉ែត ជូ បានពន្យល់និងលើកឡើងពីដើមទុន៣ប្រភេទ ដែលមនុស្សស្ទើតែគ្រប់រូបសុទ្ធតែមានដើមទុន មិនមែនបាតដៃទទេនោះទេ។ តើការលើកឡើងនេះមានខ្លឹមសារយ៉ាងណាទៅ?

បើតាមលោកង៉ែត ជូ បានឱ្យដឹងថាគ្មានប្រាក់ចាប់ផ្តើមអាជីវកម្មមិនមែនមានន័យថាគ្មានដើមទុននោះទេ,​ តែអ្នកត្រូវដឹងថាដើមទុនមាន៣ប្រភេទគឺ៖

១) ដើមទុនផ្នែកហិរញ្ញវត្ថុឬសេដ្ឋកិច្ច (Economic or Financial Capital)៖ រួមមានដូចជាសាច់ប្រាក់ អចលនទ្រព្យ និងទ្រព្យសម្បត្តិដទៃទៀត។
២) ដើមទុនជាធនធានមនុស្ស (Human Capital)៖ រូបអ្នកក៏ជាដើមទុនដែរ អ្នកអាចយកចំណេះ-ជំនាញទៅបំរើការអោយអ្នកដទៃដោយប្តូរយកជាប្រាក់ខែ ហើយសន្សំដើម្បីធ្វើជាដើមទុនចាប់ផ្តើមអាជីវកម្ម។ ហើយបើខ្វះ ខ្ចីអ្នកដទៃដូចជាក្រុមគ្រួសារ ឬមិត្តភក្តិខ្លះទៅ។
៣) ដើមទុនសង្គម (Social Capital)៖ ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សដែលអ្នករាប់អានក៏ជាដើមទុនដែរ។ ឧទាហរណ៍ ក្រុមគ្រួសារផ្គត់ផ្គង់អោយអ្នកបានរៀនសូត្រដើម្បីសន្សំចំណេះ-ជំនាញ រួចក្លាយខ្លួនជាធនធានមនុស្សក្នុងសង្គម នោះហើយគឺជាដើមទុន។
ដូច្នេះពេលគ្មានប្រាក់ចាប់ផ្តើមអាជីវកម្មកុំនិយាយថាខ្លួនបាតដៃទទេ។ អ្នកមានដើមទុនទី៣ (ដើមទុនសង្គម) ដើម្បីឈានទៅកសាងដើមទុនទី២ (ដើមទុនជាធនធានមនុស្ស) និងសន្សំជាដើមទុនទី១ (ដើមទុនផ្នែកហិរញ្ញវត្ថុ)។ អ្នកមិនមែនបាតដៃទទេទេ គ្រាន់តែអ្នកត្រូវការការព្យាយាម ការខិតខំ និងប្រើពេលវេលាអោយមានតម្លៃប៉ុណ្ណោះ៕

Related Articles