We TV Cambodia

 លេចឮដំណឹង ចិនគ្រោងបោះទុនវិនិយោគដាំដំណាំកប្បាសលើផ្ទៃដី១០ម៉ឺនហិចតា ក្នុងខេត្ដកំពង់ស្ពឺ

 លេចឮដំណឹង ចិនគ្រោងបោះទុនវិនិយោគដាំដំណាំកប្បាសលើផ្ទៃដី១០ម៉ឺនហិចតា ក្នុងខេត្ដកំពង់ស្ពឺ

ភ្នំពេញ៖លេចឮព័ត៌មានដែលបានចុះផ្សាយដោយគេហទំព័រក្នុងស្រុក ជាបន្ដបន្ទាប់គ្នាថា ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងនឹងបោះទុនរាប់លានដុល្លារដើម្បីធ្វើការវិនិយោគ លើការធ្វើកសិកម្មដំណាំ​កប្បាស់ ក្នុងខេត្ដកំពង់ស្ពឺ ដែលមានគម្រោងទំហំផ្ទៃដីដល់ទៅ ១០ ម៉ឺនហិចតា។

ប្រភពពីគេហទំព័របានបន្ដទៀតថា អ្នកដំណាងប្រធានវិទ្យាស្ថានដំណាំកសិកម្មទូទាំងប្រទេសចិន គឺលោក តឹក ង៉ូយ បានចូលជួបសម្ដែងការគួរសមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនោះ លោក​ តឹក ង៉ូយ ក៏បានលើក​ឡើងដែរថា នេះជាលើកទី២ហើយ ដែលវិទ្យាស្ថានសិក្សាស្រាវជ្រាវ ដំណាំកសិកម្មទូទាំងប្រទេសចិន រួមជាមួយនឹងក្រុមហ៊ុនវិនិយោគចិន បានធ្វើការសិក្សាអំពីកសិកម្មដំណាំកប្បាស់នៅក្នុងកម្ពុជា។ លោក​បានបន្ដទៀត ថានេះគ្រាន់តែជាគម្រោងជំហានទីមួយតែប៉ុណ្ណោះ ដែលនឹងគ្រោងធ្វើលើទំហំដី ១០ ម៉ឺនហិចតាក្នុងខេត្ដកំពង់ស្ពឺនេះ ប្រសិនជាជោគជ័យ ខ្លួននឹងមានគម្រោងបន្ដទៀត គ្រោង​នឹងពង្រីក​ការដំដុះទូទាំង២៤​ខេត្ដក្រុងក្នុងប្រទេសកម្ពុជា។

លោក តឹក ង៉ូយ ក៏បានបញ្ជាក់ផងដែរថា ការសិក្សាស្រាវជ្រាវ និងការវិនិយោគទុននេះ គឺដើម្បីជួយដល់ប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងបង្កើនចំណូលថវិកាជាតិថែមទៀតផង ជាពិសេស ក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរមកកំសាន្តផងដែរ នៅពេលដែលកប្បាសចេញផ្កា។ ការវិនិយោគលើដំណាំកប្បាស នេះ គឺខាងភាគីចិន ជួយធ្វើការបណ្តុះបណ្តាលការងារបច្ចេកទេស ផ្តល់ពូជ ជី និងការថែទាំ ដល់ប្រជាកសិករខ្មែរ ហើយពេលប្រមូលផល គឺលក់មកអោយក្រុមហ៊ុនតែម្តង។ ដំណាំកប្បាសនេះ គឺមានតំលៃថ្លៃជាងណាំស្រូវ ហើយងាយស្រួលដាំ ដែលអាចរកចំណូលបានខ្ពស់។​ គម្រោងវិនិយោគ នេះ នឹងអាចដំណើរការក្នុងពេលឆាប់ៗ បន្ទាប់ពីក្រុមហ៊ុន ធ្វើការចុះ អនុស្សារណៈ ជាមួយអាជ្ញាធរ ខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ។​

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៏ ចំពោះគម្រោងការ ដាំដំណាំកប្បាស នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមហ៊ុន របស់ប្រទេសចិន ។ ឯកឧត្តម បានសន្យាក្នុងការជួយសម្រួល និងធ្វើទំនាក់ទំនងជាមួយផ្នែកពាក់ពន្ធ័នានា ដើម្បីពន្លឿនកិច្ចការងារនេះ អោយបានដំណើរការឆាប់រហ័ស ហើយ ឯកឧត្តម បានជូនពរអោយគម្រោង ជំហ៊ានដំបូងនេះទទួលបានជោគជ័យ ៕

ដោយ៖ អឿ អ៊ុយ

ប្រភព៖ rnk

Related Articles