
បើយោងតាមការលើកឡើងរបស់ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ បានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជា បានរកឃើញរណ្ដៅរ៉ែមាសខ្នាតអន្តរជាតិ មួយកន្លែងស្ថិតនៅ ក្នុងតំបន់អូរខ្វាវ ស្រុកកែវស៊ីមាខេត្តមណ្ឌលគិរី ខណៈដែលក្រុមហ៊ុនកំពុងតែដំណើរការយ៉ាងសកម្ម ហើយរំពឹងថា នឹងទទួលបានរ៉ែមាសចំនួនជិត១លានឱនជាលើកដំបូងនាពេលខាងមុខនេះ ។ លោកបានបន្ថែមទៀតថា កម្ពុជាកំពុងឈាន ទៅដល់ការបង្កើតរោងចក្រឧស្សាហកម្មចំរាញ់ រ៉ែមាសជាលើកដំបូង ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី សហការផ្នែកហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុនកាណាដា ដែលបានធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានារួចរាល់។
លោកបានបន្តទៀតថា ក្រុមការងារក្រសួង ក៏បានគ្រោង ចុះត្រួតពិនិត្យ ប៉ុន្ដែដោយសារបញ្ហាកូវីដ១៩ បានធ្វើអោយមានការស្ទះ ក្នុងការចុះធ្វើបេសកម្មរបស់ក្រុមការងារ។ ជាមួយគ្នានេះ អ្នកជំនាញមួយចំនួន ដែលត្រូវបានបញ្ជូនមក ក៏ត្រូវបានខកជើងផងដែរ ដោយសារព្រួយបារម្ភពីជំងឺកូវីដ១៩ ដែរ។ យើងមានអ្នកជំនាញពីរផ្នែក មួយផ្នែកជាអ្នកជំនាញនៅប្រចាំតាមការដ្ឋាន និងមួយផ្នែកទៀតអ្នកជំនាញ ដែលបានបញ្ជូនមកណែនាំដល់ក្រុមការងារនៅតាមការដ្ឋានររួចហើយវិលត្រឡប់ទៅវិញ។
លោកបានបន្ថែមទៀតថា បើយើងពិនិត្យមើលសកម្មភាព នៅក្នុងការដ្ឋានមិនទាន់មានសញ្ញាណាមួយមានស្ថានភាពយឺតយ៉ាងនោះទេ។ យើងនឹងទទួលបានក្នុងជម្រករ៉ែ ទីមួយមានចំនួនជិត១លានឱន ដែលស្មើនឹងជិតមួយលានដំឡឹង និងបន្តស្វែងរកនៅក្នុងតំបន់នៅជុំវិញនោះ យើងនឹងបានទទួលនូវជម្រករ៉ែថ្មីៗទៀត។
ដោយ៖ Stince
